មហាសេដ្ឋី​រុស្ស៊ី Abramovich បរិច្ចាគ​ប្រាក់​ខ្ទង់​លាន​ដុល្លារ​ទៅ​កាន់​សារមន្ទីរ​មួយ​នៅ​អ៊ីស្រាអែល

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មាន​ដំណឹង​មក​ថា ម្ចាស់​ក្លឹប​បាល់ទាត់ Chelsea គឺ​មហាសេដ្ឋី​ Roman Abramovich បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់​ទំហំ​រាប់​លាន​ដុល្លារ​ទៅកាន់​សារមន្ទីរ​មួយ​កន្លែង​នៅ​ប្រទេស​អ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារមន្ទីរ​ដែល​ទទួល​បាន​សប្បុរសធម៌​ពី​មហាសេដ្ឋី​រុស្ស៊ី​ខាងលើ​គឺ​មាន​ឈ្មោះ​ថា Yad Vashem Holocaust Memorial Museum ស្របពេល​ពួកគេ​អះអាង​ថា ការ​បរិច្ចាគ​មួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សហការ​រយៈពេល​យូរ​ជាមួយ​អ្នក​ជំនួញ​ខាងលើ។

ដោយឡែក បើ​យោង​តាម​សម្ដី​អ្នកនាំពាក្យ​របស់​សារមន្ទីរ​ដែល​មាន​ឈ្មោះ​ថា Simmy Allen បាន​ឲ្យ​ដឹង​ថា ទំហំ​ទឹកប្រាក់​ដែល​មហាសេដ្ឋី​ម្នាក់​នេះ​បាន​បរិច្ចាគ​គឺ​មិន​ត្រូវបាន​បញ្ជាក់​ច្បាស់លាស់​ឡើយ ដោយ​គ្រាន់​តែ​បង្ហើប​ថា មាន​ដល់​ទៅ ៨ ខ្ទង់​នៃ​រូបិយប័ណ្ណ​ Shekels ឬ​តិច​បំផុត​ក៏​ ១ លាន​ដុល្លារ​ដែរ។

លើសពី​នេះ​សារមន្ទីរ​ដែល​ជា​ទីតំណាង​ឲ្យ​ជនជាតិ​ជ្វីហ្វ​ដែល​ត្រូវ​មេ​ប្រល័យ​ពូជសាសន៍​ហ៊ីត្លែរ​សម្លាប់​រង្គាល​នៅ​សង្គ្រាមលោកលើកទី ២ បាន​ទម្លាយ​ឲ្យ​ដឹង​ថា ថវិកា​នៃ​សប្បុរសធម៌​មួយ​នេះ​នឹង​ជួយ​ដល់​សារមន្ទីរ​ដល់​ទៅ ៥ ឆ្នាំ រាប់​បញ្ចូល​ទាំង​ការ​សាងសង់​មន្ទីរពិសោធន៍​ថ្មី​មួយ​ផង​ដែរ។

បញ្ជាក់​ដែរ​ថា មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​នេះ​អះអាង​ថា បុព្វបុរស​របស់​លោក​មាន​ជាប់​សែស្រឡាយ​ជាមួយ​នឹង​ជនជាតិ​ជ្វីហ្វ ហើយ​លោក​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ព័រទុយហ្គាល់​ក្នុង​ការ​សុំ​សញ្ជាតិ​ថ្មី​ ដើម្បី​ងាយស្រួល​ធ្វើ​ជំនួញ​នៅ​តំបន់​អឺរ៉ុប ដ្បិត​នៅ​ចក្រភពអង់គ្លេស​លែង​អនុញ្ញាត​ចេញ​ទិដ្ឋាការ​ថ្មី​សម្រាប់​ម្ចាស់ក្លឹប Chelsea ទៀត​ហើយ៕

ប្រភព: timesofisrael