ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ កុម្ភៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដាក់ចំៗទៅកាន់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្រ្តីជិះសេះមើលផ្កា ការថ្លែងបែបនេះសម្តេចចង់បានបញ្ជាក់ថា គឺដើម្បីចង់ដាស់ទឿន កុំឲ្យថាសម្តេចមិននិយាយហើយចង្អុលឲ្យចំណុចគន្លឹះ ដូចជាករណីជិះសេះមើលផ្កា ករណីនៅខេត្តពោធិ៍សាត់ជាដើម។
សម្តេចថ្លែងក្នុងន័យដើមថា៖ “[….]យើងម្នាក់ឯង (លោក វេង សាខុន) មកអះអាងចំពោះមុខនាយករដ្ឋមន្រ្តីថាផ្គត់ផ្គង់គ្រប់គ្រាន់ហើយ ខ្ញុំនៅហ្នឹងមុន ខុនឯង ច្រើនវស្សាខ្ញុំស្គាល់ស្ថានភាពច្បាស់[…..]”។
ជាមួយគ្នានេះសម្តេចបានគូសបញ្ជាក់ថា វាមិនលំបាកទេក្នុងការដករដ្ឋមន្រ្តីមួយចោល ដោយសម្តេចត្រូវការពេលយ៉ាងយូត្រឹមតែ ២៤ម៉ោងដករដ្ឋមន្រ្តីមួយចេញបាន ដែលដកដោយព្រះរាជក្រឹត្យព្រះមហាក្សត្រ។
ការប្រតិកម្មខ្លាំងៗរបស់សម្តេចតេជោ គឺបន្ទាប់ពីក្រសួងសេដ្ឋកិច្ច បានប្រកាសពីការផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ នោះគឺយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ត្រូវបានរៀបចំឡើង ក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ ( អ្នកហូបសាច់ជ្រូក)។ យន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជានេះ នឹងត្រូវបានយកមកអនុវត្តក្នុងករណី ដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ការរៀបចំយន្តការដេញថ្លៃនេះ គឺដើម្បីទាក់ទាញក្រុមហ៊ុន ចូលរួមឱ្យបានច្រើន ក្នុងការដេញថ្លៃការនាំចូលជ្រូករស់ សំដៅបង្កើនការប្រកួតប្រជែង និងធានាការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ។
តាមរយៈលិខិតចំនួន ៤ទំព័ររបស់លោក អូន ព័ន្ធមុនីរ័ត្ន ផ្ញើទៅកាន់លោក វេង សាខុន កាលពីថ្ងៃទី០៨ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន បញ្ចាក់ថា ការផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់នេះ មិនមែនផ្អែកលើសំណើរបស់ក្រុមហ៊ុននាំចូលជ្រូកចំនួន០៤ ដូចដែលបានលើកឡើងក្នុងលិខិតរបស់ក្រសួងកសិកម្មនោះទេ។ ផ្ទុយទៅវិញ ការគិតគូររៀបចំយន្តការដេញថ្លៃនេះ គឺផ្អែកលើការសិក្សាស៊ីជម្រៅរបស់ក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនឯកជនដែលប្រកបរបរនាំចូលជ្រូករស់។
លោកសង្កត់ធ្ងន់ថា ការកើនឡើងថ្លៃជ្រូករស់មួយផ្នែក បង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។
លោកអះអាងថា ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានគោលការណ៍នាំចូលជ្រូករស់ បានលក់ជ្រូករស់ក្នុងថ្លៃមួយខ្ពស់ ពោលគឺពី ១១,០០០ រៀលក្នុងមួយគីឡូជាមធ្យមក្នុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ១៤,០០០រៀលក្នុងមួយគីឡូ ជាមធ្យមក្នុងអំឡុងឆ្នាំ២០២១។ ខណៈកន្លងមកក្រុមហ៊ុនបានបញ្ជាទិញពីកសិដ្ឋាននៅប្រទេសថៃ ស្ថិតនៅក្នុងចន្លោះ ៦,៥០០ រៀលក្នុងមួយគីឡូ ទៅ ៧,០០០ រៀលក្នុងមួយគីឡូជាមធ្យម។
លោកបញ្ជាក់បន្ថែមថា ជារួមការរៀបចំយន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ជ្រូករស់ពីការនាំចូល ក្នុងថ្លៃមួយប្រកបដោយ ភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។
យ៉ាងណា បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្រសួងសេដ្ឋកិច្ច បានបញ្ចប់សេចក្តីព្រាងបឋមនៃយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា កម្រិតបច្ចេកទេសរួចហើយ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងសេដ្ឋកិច្ច និងការផ្តល់ធាតុចូលពីក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួង។ ប៉ុន្តែក្រសួងកសិកម្ម មិនបានចាត់តំណាងចូលរួមតាមការអហៅរបស់លោកអូនព័ន្ធមុនីរ័ត្ន នាពេលកន្លងមកឡើយ៕