ក្រោយពេលក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចព្យាបាលនៅតាមផ្ទះបាន ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ គណកម្មការកូវីដ១៩ សម្រេចចែកចាយប្រភេទថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ដល់ពលរដ្ឋគ្រប់រូប សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាល ទៅមធ្យមចំពោះមនុស្សពេញវ័យ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រោយពេលក្រសួងប្រៃសណីយទទួលបានការចាត់ចែងក្នុងការលក់ថ្នាំព្យាបាលកូវីដ ឃើញថាមានពលរដ្ឋសម្រុកទៅទិញ ដោយបងប្អូនខ្លះត្រូវខកជើងដោយសារមិនមានឯកសារគ្រប់គ្រាន់ឬមិនទទួលព័ត៌មានគ្រប់ជ្រុងជ្រោយមុនចំណាយពេលត្រូវឈររង់ចាំដើម្បីអាចទិញថ្នាំយកទៅប្រើប្រាស់បាន។
កាលពីម្សិលមិញនេះ ក្រុមការងារឧកញ៉ាបានចូលរួមតាមដានសកម្មភាពការទិញថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយក៏បានទាក់ទងសួរនាំមន្រ្តីប្រចាំនៅទីនោះ។
បើតាមមន្រ្តីនៅក្រសួងប្រៃសណីយបានឲ្យក្រុមការងារដឹងពីលក្ខខណ្ឌដើម្បីទិញថ្នាំព្យាបាលកូវីដ៖
-ត្រូវភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
-ត្រូវមានគណនី ABA ដើម្បីផ្ទេរទឹកប្រាក់ ដោយការទិញមិនទទួលជាលុយសុទ្ធនោះទេ
-បុគ្គលម្នាក់អាចទិញបានកម្រិត ១ ដូសទៅ ២ ដូសប៉ុណ្ណោះ (១ដូសស្មើមួយកំប៉ុង)
-មុនរយៈពេល ០៧ ថ្ងៃ បុគ្គលម្នាក់មិនអាចទិញលើសពីពីរដងនោះទេ
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលបានអំពាវនាវដល់ឱសថស្ថាន កន្លែងលក់ថ្នាំទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ តាមចិត្ត ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ងាយទិញសម្រាប់ព្យាបាល។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរយៈពេលចុងក្រោយនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានកើនឡើងច្រើន នាំឲ្យប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញថ្នាំ សម្រាប់ព្យាបាលខ្លួនឯងនៅតាមផ្ទះ។
ក្រោយការកម្រើកឡើងវិញ នៃការឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រជាពលរដ្ឋបានសម្រុកនាំចេញគ្នាស្វែងរកទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពិសេសឱសថម៉ូណាទ្រីស Molnupiravir។ ឱសថដែលក្រសួងសុខាភិបាលអនុញ្ញាតនេះ មានលក់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនៅតាមប្រៃសណីយ៍នានាតាមបណ្តាខេត្ត រួមទាំងនៅតាមឱសថស្ថានផងដែរ។ នៅក្រសួងប្រៃសណីយ៍ឱសថ ម៉ូណាទ្រីស Molnupiravir លក់ក្នុងតម្លៃ៥៥ដុល្លារក្នុង១ដូស ស្មើនឹងមួយកំប៉ុងមាន ៤០ គ្រាប់។ តែបើតាមឱសថស្ថានឯកជន តម្លៃចាប់ពីជាង៦០ដុល្លារ មានខ្លះដល់ ៧០ដល់ជិត១០០ដុល្លារក៏មាន៕