កុំ​ឲ្យ​ចាប់​ជំនាញ​ខុស និស្សិត ៣ រូប​ ចែករំលែក​បទ​ពិសោធន៍​​ រហូត​អ្នក​ខ្លះ​ជម្នះ​ឪពុកម្តាយ​ ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រលាញ់

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយពីបញ្ចប់ថ្នាក់ទី១២រួច សិស្សានុសិស្សទាំងអស់ត្រូវបន្តស្វែងរកចំណេះដឹងបន្ថែមទៀតនៅសាកលវិទ្យាល័យ។សាកលវិទ្យាល័យគឺជាថ្នាលបណ្ដុះបណ្ដាលនូវជំនាញមួយច្បាស់លាស់ដល់និស្សិត ដើម្បីក្លាយជាបញ្ញវន្តមួយរូបសម្រាប់សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃនេះឧកញ៉ាញូហ៍បានចុះទៅសម្ភាសន៍និស្សិតមួយចំនួន ដែលពួកគាត់រៀននៅសាកលវិទ្យាល័យលើការ​ជ្រើសរើស​ជំនាញផ្សេងៗគ្នា។

កញ្ញា សាន់ ស្រីអាត់ និស្សិតអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យជាតិបាត់ដំបង

និស្សិតវ័យក្មេង កញ្ញា សាន់ ស្រីអាត់ ដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់បាន​ប្រាប់​ថា ក្រោយពីបានបញ្ចប់ថ្នាក់ទី ១២ ហើយ នាងមានគោលដៅនឹងបន្តការសិក្សាទៀតនៅសាកលវិទ្យាល័យ តែហាក់ស្ទាក់ស្ទើរក្នុងការជ្រើសរើសជំនាញដែលត្រូវសិក្សាបន្ត។ ក្រោយ​បាន​ទៅពិភាក្សាជាមួយលោកគ្រូ-អ្នកគ្រូ និង​មានការពន្យល់ណែនាំ និង​បាន​សាកល្បងតេស្តសមត្ថភាពរួច នាងសម្រេច​ចិត្ត​បន្តសិក្សាជំនាញអក្សរសាស្រ្តខ្មែរ។

ការ​ជ្រើសរើស​ជំនាញនេះ​ក៏​បាន​ឆ្លង​ការ​ផ្តល់​យោបល់​ពី​ឪពុកម្តាយ​ ព្រមទាំងការសម្រេចចិត្តផ្ទាល់ខ្លួន និង​មានការ​ជួយជ្រំជ្រែងពីអ្នកមានគុណយ៉ាងពេញទំហឹង។

យុវតីរូបនេះបានបន្តថា បច្ចុប្បន្ននាងជានិស្សិតអក្សរសាស្ត្រខ្មែរនៃសកលវិទ្យាល័យជាតិបាត់ដំបងឆ្នាំទី ២​។ ក្រោយពីបានសិក្សា ២ ឆ្នាំកន្លងមក នាងកាន់តែបានឃើញពីតម្លៃព្រមទាំងគុណប្រយោជន៍ក្នុងការសិក្សាអក្សរសាស្រ្តខ្មែរ។ ចំពោះជំនាញនេះធ្វើឲ្យគេ​ចេះរូបរួមថែរក្សានូវវិស័យអក្សរសាស្ត្រ និងអភិរក្សនូវវប្បធម៌-អរិយធម៌​ជាតម្លៃនៃដួងព្រលឹងជាតិផងដែរ។

យុវតី​សម្បុរ​ស្រអែម​បន្ត​ថា ថ្ងៃអនាគតនាងចង់ក្លាយជាគ្រួបង្រៀនម្នាក់ ដែលជាធនធានមិនអាចខ្វះបានក្នុងសង្គម និង​ក៏​មាន​គោលបំណងបង្កើតបណ្ណាល័យសហគមន៍មួយសម្រាប់ក្មេងៗពេលទំនេរចូលទៅអានសៀវភៅសម្រាប់កម្សាន្តផង ព្រមទាំងបង្កើននូវចំណេះដឹងផង ដែល​នឹង​ជួយបណ្ដុះនូវចំណេះដឹងសម្រាប់បុគ្គលគ្រប់រូប​ឈាន​ទៅរកអនាគតដោយភ្លឺស្វាង។

និស្សិតប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និស្សិត​ ម៉ោះ សម្បត្តិ

និស្សិតខ្មៅស្រអែមរូបនេះបានលើកឡើងថា ការជ្រើសជំនាញក្រោយពីបញ្ចប់ថ្នាក់ទី១២ ត្រូវ​តែ​ជំនាញ​ដែល​ជា​ការស្រឡាញ់ ពេញចិត្ត ចូលចិត្ត ព្រមទាំងបានមើលឃើញពីគុណតម្លៃនៃមុខជំនាញផងដែរ។

យុវជនរូបនេះបានសម្រេចចិត្តរៀននូវជំនាញប្រវត្តិវិទ្យា ក្រោយ​បញ្ចប់ថ្នាក់ទី ១២ ។ ការ​ជ្រើសរើស​ជំនាញ​ប្រវត្តិ​វិទ្យានិស្សិតរូបនេះបាន​លើក​ពី​គោលបំណងនៅថ្ងៃអនាគត ចង់ក្លាយជាបញ្ញវន្តមួយរូបសម្រាប់សង្គម ព្រមទាំងជាគ្រូបង្រៀនម្នាក់ផងដែរ។

និស្សិត ទ្រី ឡង់ឌី ជានិស្សិតស្ថាបត្យកម្មនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស

និស្សិត តូចល្អិតរូបនេះបានរៀបរាប់ពីការជ្រើសជំនាញរបស់ខ្លួនយ៉ាងដូច្នេះថា ការជ្រើសរើសជំនាញសម្រាប់បន្តទៅឧត្តមសិក្សាគឺវាពិតជាមានសារៈសំខាន់បំផុត និងទាមទារការប្រាកដប្រជាពីសាមីខ្លួន ព្រោះថាយើង​ជាអ្នករៀនយើងគឺជាអ្នកសម្រេចចិត្ត កុំរៀនតាមគ្នា ឬតាមការបង្ខំពីនរណាម្នាក់ ប៉ុន្តែត្រូវរៀនតាមទេពកោសល្យជំនាញដែលមានពីធម្មជាតិ ទំនោរការស្រឡាញ់ចេញពីក្នុងចិត្ត បន្ទាប់ពីនេះទីផ្សារការងារក៏ជាចំណុចគោលដែលត្រូវសម្លឹង។

យុវជនរូបនេះបានបន្តទៀតថា “ខ្ញុំទទួលបានការសម្រេចចិត្តពីរដង លើកទីមួយគឺជាការសម្រេចចិត្តសិក្សាបន្តតាមឪពុកម្ដាយនិងបងប្អូន ដោយសារជំនាញដែលខ្ញុំរៀនមិនត្រូវជាមួយសមត្ថភាពរបស់ខ្ញុំ លទ្ធផលចុងក្រោយខ្ញុំបានបោះបង់ការសិក្សាពាក់កណ្តាលទី។ ការសម្រេចចិត្តលើកទីពីរ គឺជាការសម្រេចចិត្តដែលកើតចេញពីការ ពិភាក្សា បេះដូង ចិត្ត និង កាយរបស់ខ្ញុំ។ ផ្ដើមពីបេះដូងគឺ ខ្ញុំស្រឡាញ់ជំនាញមួយនេះចិត្តគឺ ខ្ញុំចង់ចេះចង់ដឹងចង់ធ្វើ កាយគឺតស៊ូហត់បន្ទាប់ពីមានការបញ្ជារបស់ចិត្តនិងបេះដូង”។

ដោយសារជីវភាពខ្វះខាតឪពុកម្ដាយបានណែនាំមិនឱ្យឈប់ពីការសិក្សាជំនាញលើកទីមួយនោះឡើយ ដោយសារគាត់យល់ថាជំនាញនោះវាមិនសូវចំណាយច្រើន។ ក្រោយពីមានការទទូច​ទាំងនិយាយហេតុផលទៅកាន់ពួកគាត់ អំពីជំនាញដែលជ្រើសរើស ពួកគាត់ក៏មិនបានហាមឃាត់បន្ត ក៏ប៉ុន្តែគាត់ប្រាប់ថាមិនសូវមានថវិកាសម្រាប់ចំណាយទៅលើការចាយវាយនិងបង់ថ្លៃសាលានោះ​ទេ។ ដូច្នេះគេ​ត្រូវសម្រេចចិត្តរៀនផងនិងធ្វើការផង ទើបអាច​រៀនជំនាញដែលខ្លួនស្រឡាញ់មួយនេះ។

បើ​តាមយុវជន​រូប​នេះ រាល់បញ្ហាគឺតែងមានដំណោះស្រាយជានិច្ច ដូច្នេះកុំទាន់អាលអស់សង្ឃឹម។ បច្ចុប្បន្នឡង់ឌីគឺជានិស្សិតស្ថាបត្យកម្មឆ្នាំទី២ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស។

ទាក់ទង​ការ​សិក្សាជំនាញ​ស្ថាបត្យកម្ម​នេះ អត្ថបទក្រោយឧកញ៉ាញូនស៍​នឹង​បរិយាយ​បន្ថែពី​យុវជន​រូបនេះ​ដែល​នឹង​ចែករំលែកពីការ​សិក្សា​រហូត​រៀន​បាន​ចំណាត់ថ្នាក់លេខ​ ១ ប្រចាំថ្នាក់៕