យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា ហុងកុង បានដាក់ពាក្យស្នើសុំចូលរួម ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់ (RCEP) ដែលមានប្រទេសសមាជិកចំនួន ១៥ ។
ជាក់ស្តែងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បាននិយាយថា គោលដៅថ្មីនេះ អាចនឹងជួយពង្រីកទំហំពាណិជ្ជកម្មសេរីរបស់ហុងកុង ជាមួយជប៉ុន និងកូរ៉េខាងត្បូង ខណ:រដ្ឋាភិបាលប្រទេសទាំង ២ ពីមុនមក នៅមិនទាន់មានការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ជាមួយហុងកុងនោះឡើយ ។
មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបន្ថែមទៀតថា ទំហំពាណិជ្ជកម្មរវាងហុងកុង និងប្រទេសសមាជិក RCEP ឈានដល់ ៩៦២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ដែលស្មើនឹង ៧០% នៃទំហំពាណិជ្ជកម្មសរុបរបស់ហុងកុងទាំងមូល ។
គួរឱ្យដឹងផងដែរថា RCEP គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលមានប្រទេសជាសមាជិកសំខាន់ៗដូចជា ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម អូស្រ្តាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ។
បញ្ជាក់ថាភាពសំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺសម្បទានពន្ធ ខណ:វាត្រូវបានរៀបចំឡើង ដើម្បីកំណត់ស្តង់ដារច្បាប់ស្តីពីការវិនិយោគ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងចំណោមការអនុវត្តពាណិជ្ជកម្មផ្សេងទៀត ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងខាងលើ ក៏មានគោលបំណងលើកកម្ពស់ ការបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងតំបន់ពាណិជ្ជកម្មសេរី ដែលមានប្រហែល ៣០% នៃទិន្នផល ពាណិជ្ជកម្ម និងប្រជាជនរបស់ពិភពលោក ៕
ប្រភព: Bangkok Post