យោងតាមការលើកឡើងរបស់ក្រុមប៉ូលិសអ៊ុយក្រែន បាននិយាយថា មនុស្សចំនួន ៧ នាក់ ត្រូវបានគេដឹងថាបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែក ពីសំណាក់កងកម្លាំងរុស្ស៊ី ។
មិនតែប៉ុណ្ណោះក្រុមមន្ត្រីបាននិយាយទៀតថា ការវាយប្រហារលើអង្គភាពយោធា នៅក្នុងទីក្រុង Podilsk និងខាងក្រៅទីក្រុង Odessa បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និងរបួស ៧ នាក់ ស្របពេលមនុស្ស ១៩ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
លើសពីនេះ ក្រុមមន្ត្រីដដែលបានបន្តទៀតថា មនុស្សម្នាក់ បានស្លាប់ក្នុងការវាយប្រហារ នៅក្នុងទីក្រុង Mariupol ។
ទន្ទឹមនឹងពេលដែល រុស្ស៊ីចាប់ផ្តើមបើកការវាយប្រហារនេះផងដែរ ប្រជាជនអ៊ុយក្រែនជាច្រើន បាននាំគ្នាសម្រុកចេញពីរដ្ឋធានី Kyiv ដោយភាគច្រើន បានធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិចនៃប្រទេស ដោយសង្ឃឹមថាអាចនឹងស្វែងរកទីកន្លែងសុវត្ថិភាព ដែលនៅជិតប្រទេសប៉ូឡូញ និងកងទ័ពណាតូ ៕
ប្រភព: BBC