នៅឆ្នាំ២០២១ ខេត្តត្បូងឃ្មុំរកចំណូលពីវិស័យកសិកម្មបានចំនួន ៤៩០លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃផលិតកម្មកសិកម្មទាំងមូលក្នុងខេត្តត្បូងឃ្មុំ នៅឆ្នាំ២០២១កន្លងទៅ មានរហូតដល់ ៤៩០លានដុល្លាអាមេរិកអាមេរិក។ នេះបើតាមការឲ្យដឹងកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់មន្ទីរកសិកម្មខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា សមិទ្ធផលជាច្រើននៃវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ បានចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះ គឺមិនអាចខ្វះបានពីការចូលរួមសហការគាំទ្រចូលរួមពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្ម ជាពិសេសបងប្អូនប្រជាកសិករនោះទេ។

បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឲ្យដឹងថា នៅឆ្នាំ២០២១ ផលិតកម្មកសិកម្ម តាមអនុវិស័យរួមមាន៖ ដំណាំផ្តល់បរិមាណផល ១ ៥១២ ៦០០តោន មានតម្លៃផលិតកម្មទំហំ ២៧៥លានដុល្លាអាមេរិក។ កៅស៊ូ ផ្តល់បរិមាណផល(ជ័រស្ងួត) ៨១ ៦០០តោន មានតម្លៃផលិតកម្មទំហំ ១២២លានដុល្លាអាមេរិក។ ផលិតកម្មសត្វ ផ្តល់បរិមាណផល ១៩ ៧៦០តោន មានតម្លៃផលិតកម្មទំហំ ៥៨លានដុល្លាអាមេរិក។

ដោយឡែកសម្រាប់ ជលផល បានចំនួន ១៦ ៦០០តោន មានតម្លៃផលិតកម្មទំហំ ៣៤លានដុល្លាអាមេរិក និងផលិតកម្មសត្វ មានសត្វសរុបប្រមាណ ២ ៧៣១ ៦០០ក្បាល ដែលផ្តល់បរិមាណផលប្រមាណ ១៩ ៧៦៣តោន មានតម្លៃផលិតកម្មទំហប្រមាណ ៥៧,១៥លានដុល្លាអាមេរិក។

យ៉ាងណាដោយចុះ លោកអភិបាលខេត្តបានជំរុញឲ្យមន្ទីរកសិកម្មខេត្ត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួលបងប្អូនប្រជាកសិករ បន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្ត ឲ្យកាន់តែមានកំណើនបន្ថែម ក្នុងគោលដៅបង្កើនការដាំដុះ និងផលិតកម្មសត្វក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕