យោងទៅតាមសម្ដីរបស់មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បានទម្លាយប្រាប់បណ្ដាញសារព័ត៌មានទាក់ទងនឹងព្រឹត្តិការណ៍កំពុងក្ដៅគគុករវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលោកបានអះអាងថា ទង្វើដែលរុស្ស៊ីបានធ្វើគឺមិនធ្លាប់មានទាល់តែសោះ តាំងពីសង្គ្រាមលោកលើកទី ២។
បន្ថែមពីនោះ មន្ត្រីម្នាក់នេះព្រមានទៀតថា ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ បើសិនជាគ្មានដំណោះស្រាយណាមួយក្នុងពេលឆាប់ៗ ដ្បិតសង្គ្រាមមួយនេះគឺអាចបង្កហានិភ័យខ្លាំងដល់មនុស្សជាតិទូទាំងតំបន់អឺរ៉ុបគ្រប់ពេលវេលា ជាពិសេសគឺប៉ះពាល់ខ្លាំងដល់ផ្នែកសេដ្ឋកិច្ច។
“សង្គ្រាមមួយនេះគឺកើតឡើង ១០០% ដោយសារតែ Putin សម្រេចចិត្តប្រកាសសង្គ្រាមជាមួយនឹងហេតុផលគ្មានក្បាលគ្មានកន្ទុយរបស់គេ”។ នេះបើតាមសម្ដីរបស់មន្ត្រីរូបនោះបានប្រាប់ទៅបណ្ដាញសារព័ត៌មាន។
បញ្ជាក់ដែរថា មកទល់នឹងពេលនេះ អង្គការ NATO បានអះអាងថា នឹងការពារប្រទេសដែលជាសមាជិករបស់ពួកគេ និងបានស្នើសុំប្រទេសដទៃទៀតក្នុងការជួយអ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ីផងដែរ៕
ប្រភព: CNN