ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះទឹកមុខប្រាសាទអង្គរវត្តមានតិច និងឆាប់រីងទឹក ។ ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត ។
លោក ភឿន សុឃីម បញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូកន្លងមក ។ ការងារនេះនឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត ។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះរដូវវស្សាមានរយ:ពេលខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំ បានធ្វើឱ្យទឹកក្នុងស្រះនេះឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការធ្វើនេះ គឺដើម្បីលើកតម្លៃសោភ័ណភាពវប្បធម៌ក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ឱ្យភ្ញៀវទេសចរណ៍បានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមកភ្ញៀវទាំងនោះមិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។
គួរបញ្ជាក់ថា
ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ
ដោយឡែកស្រះខាងជើងវិញក្រុមការងារនៃអាជ្ញាធរជាតិអប្សរា
កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ
៕
អត្ថបទ និងរូបភាព៖
បូ សាវី កែសម្រួលដោយ លីវ
សុខុន