ប្រធានាធិបតី លោក Moon Jae-in បាននិយាយកាលនៅក្នុងពេលថ្មីៗនេះថា កូរ៉េខាងត្បូងនឹងមិនឈរឱបដៃមើលនោះទេ ដោយនឹងចូលរួមជាមួយប្រទេសផ្សេងទៀត ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី ជុំវិញប្រតិបត្តិការយោធារបស់ពួកគេទៅលើ ប្រទេសអ៊ុយក្រែន ។
ជាក់ស្តែង ក្រុមមន្រ្តី និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់គ្រាប់មីស៊ីល ទោកាន់ទីក្រុងជាច្រើន នៅក្នុងប្រទេសអ៊ុយក្រែន ហើយបានបញ្ជូនទាហានទៅកាន់ប្រទេសនេះ បន្ទាប់ពីប្រធានាធិបតី លោក Vladimir Putin បានអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ជាពិសេសនៅភាគខាងកើត។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅទីក្រុងសេអ៊ូល លោក Moon បាននិយាយថា អធិបតេយ្យភាព ទឹកដី និងឯករាជ្យភាពរបស់អ៊ុយក្រែន គួរតែត្រូវបានគោរព ។ យ៉ាងណានេះបើតាមលេខាធិការសារព័ត៌មាន Park Soo-hyun បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយក្នុងពេលថ្មីៗនេះ ។
លើសពីនេះ ប្រធានាធិបតីខាងលើ បានបញ្ជាក់ទៀតថា ” ការប្រើកម្លាំងយោធា ដែលបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់ គឺមិនអាចរាប់ថាជាហេតុផល ក្នុងករណីណាមួយនោះទេ “។
លោក Moon បានបន្ថែមទៀតថា កូរ៉េខាងត្បូង នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ ការឈ្លានពាន ដោយប្រដាប់អាវុធ និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី រួមទាំងការចូលរួម ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ចំពោះរុស្ស៊ីផងដែរ ៕
ប្រភព: CNA