អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង នៅថ្ងៃ២៥ ខែកុម្ភៈនេះ ជួបពិភាក្សាការងារជាមួយ លោក Omer Zeydan សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសភាពាណិជ្ជកម្មតួកគី ហៅកាត់ថា TOBB នៅទីក្រុងអាំងការ៉ា សាធារណរដ្ឋតួកគី ដើម្បីពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ និងការជំរុញធុរកិច្ច វិនិយោគរវាងកម្ពុជា និងតួកគី។
ថ្លែងក្នុងជំនួបនោះ ឧកញ៉ា លឹម ហេង លើកឡើងថា ការបំពេញទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកឧកញ៉ា ក៏បង្ហាញផងដែរពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវិស័យសំខាន់ៗដែលធុរជនប្រទេសទាំងពីរអាចសហការគ្នាបាន។
បើតាមឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា កម្ពុជា មានទីផ្សារទូលំទូលាយ ដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយ ចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងការនាំផលិតផលកម្ពុជាទៅកាន់សហគមន៍អឺរ៉ុបដោយមិនមានការជាប់ពន្ធឡើយ។ ក្រៅពីនេះ កម្ពុជាក៏កំពុងចរចារកិច្ចព្រមព្រៀងសេរីជាមួយរុស្ស៊ី និងសហគមន៍សេដ្ឋកិច្ចអាស៊ីអឺរ៉ុបផងដែរ។
លោកឧកញ៉បន្ថែមថា កម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន ដែលមានប្រជាជនសរុបច្រើនជាង ៦០០ លាននាក់។ វិនិយោគិនតួកគីអាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញទៅទីផ្សារអាស៊ាន និងពិភពលោក។
ថ្លែងក្នុងជំនួបជាមួយគណៈប្រតិភូកម្ពុជានៅពេលនេះ លោក Omer Zeydan ក៏បានលើកឡើងនូវសកម្មភាពសំខាន់ៗរបស់សហព័ន្ធសភាពាណិជ្ជកម្មតួកគី ដែលមានក្រុមហ៊ុន សហគ្រាស ជាសមាជិកចំនួន ១លាន ៨ សែន និងមានសមាជិកជាប្រភេទសភាពាណិជ្ជកម្មនិងសមាគមចំនួន ៣៦៥។
លោកបញ្ជាក់ថា តួនាទីចម្បងរបស់ សហព័ន្ធសភាពាណិជ្ជកម្មតួកគី គឺការចូលរួមកសាងគោលនយោបាយសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាពាក់ព័ន្ធធុរកិច្ចនិងការជំរុញធុរកិច្ច។ លោកថា ភាគីតួកគីត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយភាគីកម្ពុជាក្នុងជំរុញធុរកិច្ចវិនិយោគរវាងប្រទេសទាំងពីរ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំ៕