នៅថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្ត្រី លោកស្រី Magdalena Andersson បាននិយាយថា រុស្ស៊ីគ្មានការគំរាមកំហែង សកម្មភាពយោធានៅតាមព្រំដែនរបស់ប្រទេសស៊ុយអែតទេ។ លោកស្រីបន្តថា ប្រទេសស៊ុយអែតនៅតែប្រកាន់ជំហរមិនចូលរួមជាមួយអង្គការណាតូដដែល ដោយបន្ថែមថាប្រទេស Nordic នឹងសម្រេចចិត្តលើគោលនយោបាយសន្តិសុខរបស់ខ្លួន។
ការចេញមកប្រកាសជំហររបស់ស៊ុយអែតធ្វើឡើងបន្ទាប់ ទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រសប្តាហ៍នេះ បានចេញសារព្រមានធ្ងន់ៗចំចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO នឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។
បើតាមទីភ្នាក់ងារសារព័ត៌មាន ANADOLU ថា ប្រទេសស៊ុយអែតមិនមានគម្រោងចូលរួមជាមួយអង្គការណាតូទេ។ ទោះជាបែបនេះក្តី លោកស្រី Magdalena Andersson បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនមានការគំរាមកំហែងគួរឱ្យព្រួយបារម្ភ និងសកម្មភាពយោធានៅតាមព្រំដែនស៊ុយអែតនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រថា៖ “វាច្បាស់ណាស់ថា ការទទួលយកប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ ហើយវានឹងមានផលវិបាកផ្នែកយោធា និងនយោបាយ ដែលនឹងទាមទារឱ្យមានវិធានការសងសឹកពីប្រទេសរបស់យើង” ។
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយដែរថា ការពិភាក្សាអំពីការចូលរួមជាសមាជិកភាពណាតូរបស់ប្រទេសលោកស្រី គឺបានផ្លាស់ប្តូរ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែន។ បន្ទាប់ពីប្រទេសស៊ុយអែត និងហ្វាំងឡង់ រួមជាមួយនឹងតំណាងសហភាពអឺរ៉ុប បានចូលរួមកិច្ចប្រជុំកំពូលវិសាមញ្ញរបស់មេដឹកនាំណាតូកាលពីថ្ងៃសុក្រ។
ក្រោយប្រជុំប៉ុន្មានថ្ងៃទាហានរុស្ស៊ីបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ុយក្រែននៅតាមដងផ្លូវនៃរដ្ឋធានី Kyiv ពេញមួយយប់ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលស្គាល់តំបន់ដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន។
លោក ពូទីន បានអះអាងថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ប្រទេសជិតខាងនោះទេ ប៉ុន្តែលោកចង់ធ្វើឲ្យគ្មានយោធា។
យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីថាបានព្យាយាមដំឡើងរដ្ឋាភិបាលអាយ៉ង ហើយបាននិយាយថា អ៊ុយក្រែននឹងការពារប្រទេសរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដល់ទីបញ្ចប់៕