ដូចពាក្យលោកថា វាសនាមនុស្សពិតជាមិនអាចស្មានដឹង ជាក់ស្ដែងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្នធ្លាប់មានអាជីពជាអ្នកកំប្លែងតាមប៉ុស្តិ៍ទូរទស្សន៍កាលពី ៤ ឆ្នាំមុន។
រំលឹកពីប្រវត្តិរបស់ប្រធានាធិបតីទី ៧ នៃប្រទេសអ៊ុយក្រែនបន្តិច លោក Volodymyr Oleksandrovych Zelenskyy មានដើមកំណើតនៅថ្ងៃទី ២៥ មករា ១៩៧៨ ដែលមានឪពុកម្ដាយជាជនជាតិជ្វីហ្វ នៅទីក្រុង Kryvyi Rih នៃប្រទេសអ៊ុយក្រែន ដែលកាលនោះនៅជាផ្នែកមួយនៃសហភាពសូវៀតនៅឡើយ។
ដោយសារមានឈាមជាជនជាតិជ្វីហ្វដែលពិភពលោកតែងអះអាងថា ជាជនជាតិមួយដែលមានប្រាជ្ញាឆ្លាតបំផុត ឪពុករបស់លោកគឺ ជាសាស្ត្រាចារ្យមួយរូបនិងជាប្រធានដេប៉ាតាម៉ង់មួយនៃវិទ្យាស្ថាន Kryvyi Rih Institute of Economics ខណៈម្ដាយរបស់លោកមានអាជីពជាវិស្វករ។
នៅក្នុងវ័យត្រឹម ១៦ ឆ្នាំ លោកបានធ្វើប្រលងជាប់ផ្នែកភាសាបរទេសអង់គ្លេស និងទទួលបានឱកាសទៅសិក្សានៅប្រទេសអ៊ីស្រាអែល ប៉ុន្តែត្រូវបានបដិសេធដោយឪពុករបស់លោក។ ក្រោយមកលោកទទួលបានបញ្ចប់ថ្នាក់សិក្សានៅវិទ្យាស្ថាន Kryvyi Rih Institute of Economics ផ្នែកច្បាប់ តែបែរជាមិនធ្វើការទៅតាមអ្វីដែលបានរៀនទៅវិញ។
អាចនិយាយថា វាជាចំណូលចិត្តពីកំណើតចំពោះវិស័យសិល្បៈ ពោលកាលនៅវ័យ ១៧ ឆ្នាំ Zelenskyy បានចូលរួមក្នុងការប្រកួតប្រជែងកំប្លែងជាមួយក្រុមរបស់លោក និងបានឈ្នះនៅឆ្នាំ ១៩៩៧។
ក្រោយឈ្នះពានរង្វាន់កម្មវិធីកំប្លែងនេះហើយ លោកបានបង្កើតក្រុមជាផ្លូវការនឹងដាក់ឈ្មោះថា Kvartal 95 ហើយចាប់តាំងពីឆ្នាំ ១៩៩៨ ដល់ ២០០៣ ក្រុមកំប្លែងរបស់លោកតែងមានវត្តមាននៅកម្មវិធីធំៗ និងតែងចំណាយពេលសម្ដែងនៅទីក្រុង Moscow និងតំបន់ផ្សេងទៀតនៅសហភាពសូវៀត។
ក្រោយមកនៅឆ្នាំ ២០១៥ Zelenskyy ទទួលបានឱកាសដើរតួជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននៅក្នុងភាពយន្តភាគមានចំណងជើងថា Servant of the People ដែលសាច់រឿងគឺលោកដើរតួជាគ្រូបង្រៀនអាយុ ៣០ ឆ្នាំបានជាប់ឈ្មោះជាប្រធានាធិបតី ក្រោយបង្ហោះវីដេអូរិះគន់ពីអំពើពុករលួយរបស់អ៊ុយក្រែន។
សាច់រឿងមួយនេះហើយបានជួយឲ្យ Zelenskyy មានកេរ្តិ៍ឈ្មោះកាន់តែល្បី និងក្លាយជាអ្នកកំប្លែងល្បីបំផុតមួយរូបប្រចាំប្រទេស តែរឿងភាគមួយនេះគឺមិនអនុញ្ញាតឲ្យចាក់ផ្សាយនៅប្រទេសអ៊ុយក្រែនឡើយក្នុងឆ្នាំ ២០១៧ ទើបតែអនុញ្ញាតឲ្យបញ្ចាំងជាថ្មីនៅឆ្នាំ ២០១៩ គ្រាដែលបុរសវ័យ ៤៤ ឆ្នាំជាប់ឈ្មោះជាប្រធានាធិបតីនៅក្រៅខ្សែភាពយន្តប៉ុណ្ណោះ។
បោះជំហានដំបូងទៅលើវិស័យនយោបាយនៅក្នុងឆ្នាំ ២០១៨ Zelenskyy បានដាក់ឈ្មោះបក្សរបស់លោកទៅតាមសាច់រឿងគឺ Servant of the People ហើយបើយោងទៅតាមបទសម្ភាសន៍ដែលលោកបានផ្ដល់នៅខែមីនា ២០១៩ គោលបំណងនៃការប្រលូកក្នុងឆាកនយោបាយគឺដើម្បីស្ដារនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលឡើងវិញ។
ដូចទៅនឹងសាច់រឿងដែលលោកបានសម្ដែង Zelenskyy ពិតជាជាប់ឆ្នោតមែន ពោលនៅថ្ងៃទី ២១ មេសា ២០១៩ លោកបានក្លាយជាប្រធានាធិបតីទី ៧ នៃប្រទេសអ៊ុយក្រែន តែលោកបានប្រកាសថា នឹងឈរឈ្មោះតែមួយអាណត្តិ (៥ឆ្នាំ) ប៉ុណ្ណោះ។
ងាកមកមើលស្ថានការណ៍បច្ចុប្បន្នវិញ ឃើញថាអ៊ុយក្រែនកំពុងស្ថិតនៅក្រោមការវាយប្រហារពីប្រទេសជិតខាងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតី Vladimir Putin អះអាងថា ការដែលវាយអ៊ុយក្រែន គឺធ្វើឡើងដោយទប់ស្កាត់ការពង្រីកខ្លួនរបស់ NATO មកភាគខាងកើតនៃអឺរ៉ុប៕
ប្រភព: Wikipedia