លោក អ៊ិត សំហេង៖ ស្រ្តីមាន៦១% ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ៦១ % ដែលជាម្ចាស់អាជីវកម្មនិងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” នៅថ្ងៃទី២៨ កុម្ភៈនេះ។

លោក អ៊ិត សំហេង ក៏បានគូសបញ្ជាក់នូវចំណុចសក្តានុពលក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព គឺការគិតគូរ និងធានាថា នៅក្នុងមធ្យោបាយ និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានា ប្រាកដថាសហគ្រិន និងអាជីវករជាស្រ្តី មានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួន ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនិងបដិវត្តន៍ ឧស្សាហកម្មទី៤។

បើតាមលោករដ្ឋមន្ត្រី ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបន្ថែមថា ក្នុងបរិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ នានាដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ ដោយផ្ទាល់ដល់ស្រ្តីនិងក្រុមជនងាយរងគ្រោះ ពិសេស តាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធន ថវិកា “ សាច់ប្រាក់ពលកម្ម ” ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម៕