មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ចោទ​ប្រធានាធិបតី Putin ជា​ “ហ៊ីត្លែ​ទី ២” ហើយ​ការ​ឈ្លានពាន​ចូល​អ៊ុយក្រែន​ជា ព្រឹត្តិការណ៍​អាក្រក់​បំផុត​នៅ​ស.វ​ទី ២១

អន្តរជាតិ

ការ​វាយប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាខ្លាំង ដ្បិត​វា​ហាក់​ដូច​កើតឡើង​ភ្លាមៗ ហើយ​គ្មាន​អ្នកណា​ស្មានដឹង​ ខណៈ​ស្ថានការណ៍​បច្ចុប្បន្ន​ក៏​នៅ​តែ​បញ្ចេញ​សញ្ញា​គួរ​ឲ្យ​បារម្ភ​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នានោះ មាន​មតិ​ជាច្រើន​បាន​រិះគន់​ជាមួយ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ជិតខាង ខណៈ​ក្នុង​នោះ​ក៏​មាន​មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ប្រទេស​ស្កុតឡែន​បាន​បញ្ចេញ​ទស្សនៈ​ថា ​Vladimir Putin គឺ​ជា​ “ហ៊ីត្លែរ​សម័យ​ថ្មី” ហើយ​ការ​វាយលុក​មួយ​នេះ​គឺជា​ព្រឹត្តិការណ៍​អាក្រក់​បំផុត​ប្រចាំ​សតវត្ស​ទី ២១។

បុរស​ជនជាតិ​រុស្ស៊ី​ដែល​ហ៊ាន​រិះគន់​ចំៗ​ទៅកាន់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​បែបនេះ​គឺ​មាន​ឈ្មោះ​ថា Boris Mints ជា​អ្នកជំនួញ​កំពុង​រស់នៅ​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ប្រទេស​ស្កុតឡែន ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ។

ប្រាប់​ទៅ​កាន់ Sunday Mail មហាសេដ្ឋី​ខាងលើ​បាន​និយាយ​ថា៖ “​ប្រទេស​នៅ​លោក​ខាងលិច គួរ​បញ្ឈប់​ភាព​ភ័យខ្លាច​ទៅ ព្រោះ​បើសិន​ជា​ពួកយើង​បន្ត​បង្ហាញ​សកម្មភាព​បែបនេះ ជីវិត​របស់​មនុស្ស​ស្លូតត្រង់​ជាច្រើន​នឹង​បាត់បង់​កាន់តែ​ច្រើនឡើងៗ”។

“​មេរៀន​ប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​រួចហើយ​ ដូច​កាល​សង្គ្រាម​លោក​លើ​ទី ២ គឺ​ផ្ដើម​ចេញ​តែ ២ ប្រទេស​ប៉ុណ្ណោះ តែ​វា​បាន​រីករាលដាល​កាន់តែ​ធំ​ឡើងៗ រហូត​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ដល់​ពិភពលោក។ ដូចគ្នា​បើសិនជា​ពួក​យើង​នៅ​ឱប​ដៃ​មើល​បែបនេះ មិនយូរ​ទេ​វា​នឹង​ដល់​វេន​ពួកយើង​ជា​មិនខាន”។

លោក​បាន​បន្ថែម​ទៀត​ថា៖ “​ការ​វាយ​ប្រហារ​មួយ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​អាក្រក់​បំផុត​នៅ​សតវត្ស​ទី ២១ បើ​ធៀប​ទៅនឹង​ការ​វាយ​ប្រហារ​របស់​ហ៊ីត្លែរ​ទោ​កាន់​ប្រទេស​ប៉ូឡូញ​នៅ​ឆ្នាំ ១៩៣៩”។

បញ្ជាក់​ដែរ​ថា កន្លង​មក​​មាន​សេចក្ដី​រាយការណ៍​ថា​មហាសេដ្ឋី​ខាងលើ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេសកំណើត​របស់​លោក ​​ហើយបានភៀសខ្លួនទៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៨ ក្រោយ​ទទួល​រង​ការចោទប្រកាន់ពីបទកេងបន្លំនៅក្នុងប្រទេសរុស្ស៊ី៕

ប្រភព: edinburghlive