ផ្លូវជាតិលេខ ៣ នឹងសម្ពោធដាក់​ឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សង្គម​ និង​សេដ្ឋកិច្ច

បើយោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​បញ្ជាក់​ថា កំណាត់​ផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃទី២​ ខែមីនា ស្អែកនេះ ក្រោមអធិបតីភាពប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវជាតិលេខ៣ ដែល​មានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រដែលប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ដោយ​ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ឥឡូវនេះបានរួចរាល់ហើយ។ ផ្លូវជាតិមួយ​ខ្សែនេះ​បែងចែកជា​២​ផ្នែក ដោយ​ផ្នែកទី១ពីរង្វង់មូលចោមចៅទៅបែកគូស ចាប់ពីគីឡូម៉ែត្រ០+០០០ (ចោមចៅ) ដល់គីឡូម៉ែត្រ ៦៩+៩០០ (បែកគូស) មានប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវសាងសង់ពង្រីកទទឹងតួផ្លូវ រហូតដល់​២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង។

ចំណែក​ផ្នែកទី២ពី បែកគូសទៅទីរួមខេត្តកំពត ចាប់ពីគីឡូម៉ែត្រ៦៩+៩០០ (បែកគូស) ដល់គីឡូម៉ែត្រ១៣៤+៧៩៦ (ទីរួមខេត្តកំពត) មាន​ប្រវែង ៦៤,៨៩៦គីឡូម៉ែត្រ សាងសង់ជាផ្លូវប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។

ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ រួម​ទាំង​ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន ២ កន្លែង។ លើ​កំណាត់​ផ្លូវ​ជាតិ​ដែល​ទើប​ស្ថាបនា​ថ្មី​រួច​នេះ មាន​បំពាក់​កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន ១៤ កន្លែង រួម​ទាំង​ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និងមានបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ៕