អ្នកគាំទ្រអន្ទះសារទន្ទឹមរង់ចាំអានសៀវភៅ “ថ្វីគំនិត” និយាយពីរបៀបគិត បង្កើតផ្នត់គំនិត និងគន្លឹះអប់រំចិត្ត

ជុំវិញ​ឧកញ៉ា

ជឿថា ប្រិយមិត្តឧកញ៉ាញូស៍បាស្គាល់ឧកញ៉ា ផន វណ្ណិត ជាអ្នកជំនាញអចលនទ្រព្យ និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដែលជាអ្នកជំនួញមួយរូបទទួលបានការគាំទ្រច្រើនពីយុវវ័យទើបនឹងចូលប្រឡូកក្នុងវិស័យដីធ្លី រួមនឹងនិស្សិត ខណៈដែលលោកឧកញ៉ាធ្លាប់ជាសាស្រ្តាចារ្យបង្រៀននៅតាមមហាវិទ្យាល័យនានានៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា អ្វីដែលធ្វើឲ្យអ្នកគាំទ្រលោកអបអរសាទរនៅពេលបានឃើញឧកញ៉ាបង្ហើបពីគម្រោងចេញសៀវភៅបណ្តុះគំនិត អាជីវកម្ម និងគន្លឹះសាងជំនាញក្នុងវិស័យអចលនទ្រព្យ ស្របពេលដែលថ្ងៃខួបកំណើតរបស់ឧកញ៉ាកាលពីថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ។

ឧកញ៉ា ផន វណ្ណិត ថ្លែងតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ ថ្ងៃខួបកំណើតឆ្នាំនេះ ពិសេសជាងសព្វដងត្រង់ថា ថ្ងៃនេះសៀវភៅបានចូលរោងពុម្ព ត្រៀមផ្តល់ជាកាដូឆ្នាំ២០២២នេះ ដល់បងប្អូនអ្នកគាំទ្រខ្ញុំកន្លងមក។

សៀវភៅដែលលោកបង្ហើបតាមរយៈទំព័រហ្វេសប៊ុកបានធ្វើឲ្យផ្អើលអ្នកគាំទ្រ ទន្ទឹមរង់ចាំអន្ទះសារស្វាគមន៍ស្នាដៃថ្មី របស់លោកនាពេលនេះ។ សៀវភៅនេះ ត្រូវបានឧកញ៉ាប្រសិទ្ធនាមថា ” ថ្វីគំនិត “។

យ៉ាងណា នៅល្ងាចថ្ងៃទី២៨ កុម្ភៈនេះសារព័ត៌មានឧកញ៉ាញូស៍មិនអាចសុំការបំភ្លឺបានឡើយដោយទំនាក់ទំនតាមទូរសព្ទលោកថ្លែងប្រាប់ថាកំពុងដឹកនាំកិច្ចប្រជុំ។

ទោះជាបែបនេះក្តី លោកបានគូសបញ្ជាក់ថា គំនិតជាផ្នែកធំបន្ទាប់ពីយើងមានជីវិត កាលណាមានដង្ហើមចេញចូលត្រូវតែប្រើប្រាស់គំនិតឲ្យត្រូវកាល និងច្នៃបង្កើតគំនិតសាងសុភមង្គល។ លោកបង្ហើបថា មហាសេដ្ធីឬ អ្នកមានពួកគេមានទ្រព្យសម្បត្តិច្រើនមហាសាល មកពីពួកគេបង្កើតផ្នត់គំនិតរីកចម្រើន។

លោកឧកញ៉ាថ្លែងបន្ថែមថា ក្នុងសៀវភៅខ្ញុំពន្យល់ច្រើនពីរបៀបគិត បង្កើតផ្នត់គំនិត សហគ្រិនភាព និងគន្លឹះអប់រំចិត្ត។

សូមជម្រាបថា ក្រៅតែពីអ្នកជំនួញ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ា ផន វណ្ណិត ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជធិបតី ប៉ូ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយផងដែរ៕