កង​ទ័ព​​ជើង​​គោក​​កម្ពុជា និង​​យោធ​ភូមិ​ភាគ​ទី៩​ វៀត​ណា​ម កំណត់ទិស​ដៅ​រួមគ្នា​​​ទប់ស្កា​ត់​​​បទល្មើស​​​ឆ្លងដែន​គ្រប់​​​ប្រភេទ​​

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយ​សេនាធិការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក​នៃកង​យោធ​ពលខេម​រភូមិន្ទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០​២១ និងលើក​ទិសដៅ​បន្តឆ្នាំ២០២២ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងបញ្ជា​ការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការយោធាស្រុកទិញបៀន ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ កន្លងទៅ កងទ័ព​ជើងគោកកម្ពុជា និង បញ្ជា​ការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម យោធ​ភូមិភាគទី៩វៀតណាម បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបាន និងបានដាក់ចេញនូវកំណត់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ដោយផ្តោតសំខាន់​លើការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតសិ្នទ្ធ សំដៅថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អ នៅតាមតំបន់ព្រំដែន ជាពិសេសការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសហការ​បង្កលក្ខណៈអំណោយផល​ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ អាចធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ីទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ភាគីទាំងពីរ ក៏បានសម្តែងនូវមោទនភាពចំពោះភាពរីកចម្រើន​នៃ​ទំនាក់​ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងបានគាំទ្រ​លើ​ទិសដៅ​កិ​ច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាល និងក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរបានកំណត់យក នៅក្នុងស្មារតីគោរពឯករាជ្យ អធិប​តេយ្យ បូរណភាព​ទឹកដី ច្បាប់ជាតិ ច្បាប់អន្តរជាតិ អត្តសញ្ញាណជាតិនៃប្រទេសទាំងពីរ និងដោយឈរលើគោល​ការណ៍​ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុង​រវាងគ្នា ជាពិសេសការបន្តពង្រឹង និងលើក​កម្ពស់​ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរ​ភាពយូរអង្វែង”។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ មេបញ្ជាការរងយោធភូមិភាគទី៩ នៃកងទ័ព​ប្រជា​ជនវៀតណាម ដែលបាន​ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំឆ្នាំនេះ និងបាន​ទទួល​ស្វាគមន៍យ៉ាងកក់ក្តៅ ព្រម​ទាំងបង្កលក្ខណៈដល់គណៈប្រតិភូកងទ័ពជើងគោក​នៃកង​យោធពលខេមរភូមិន្ទ បានមកចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។

ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន មិញជៀវ មេបញ្ជាការរងយោធភូមិភាគទី៩ នៃកងទ័ព​ប្រជា​ជន​វៀតណាម បានថ្លែងអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ក៏ដូចជាប្រតិបត្តិការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល​នៃជំងឺនេះ ជា​ពិសេស​ជោគជ័យលើយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយតាមរបាយការណ៍​វាយតម្លៃ កម្ពុជាគឺជា​ប្រទេស​មួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំង​ជូន​ប្រជាជន​របស់​ខ្លួន​បានច្រើន​ជាងគេ​ក្នុងពិភពលោក ដោយក្នុងនោះកងទ័ពជើងគោកនៃកងយោធពល​ខេមរភូមិន្ទ​​ក៏ជា​ប្រតិបត្តិករ​ដ៏សំខាន់មួយផងដែរ៕