សភាពាណិជ្ជកម្មចិន៖ រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការឲ្យមានប្រសិទ្ធិភាព ដើម្បីលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត

សង្គម​ និង​សេដ្ឋកិច្ច

សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បាន​លិខិត​អំពាវ​នាវ​​ស្នើ​ទៅអាជ្ញាធរ​កម្ពុជា​ជួយ​បង្ក្រាប​នូវ​ឧក្រិដ្ឋកម្ម​ព្រៃ​ផ្សៃ​មក​លើ​ជន​ជាតិ​ចិន​នៅ​កម្ពុជា​។ តាមរយៈលិខិតមួយនៅថ្ងៃព្រហស្បតិ៍កាលពីសប្តាហ៍កន្លងទៅ បានសម្តែងក្តីកង្វល់ជុំវិញការកើនឡើងនូវបទល្មើស ទាក់ទិននឹងការបាញ់ប្រហារ ការចាប់ជំរិតទារប្រាក់ ដែលកំពុងកើតមានមកលើពលរដ្ឋចិនដែលកំពុងរស់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​អំពាវ​នាវនៅពេល​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា នាពេលថ្មីៗនេះ​សង្កេត​ឃើញ​មាន​ករណី​ឧក្រិដ្ឋ​កម្ម​ជា​ច្រើន​បាន​កើត​មានមក​លើ​ជនជាតិ​ចិន​នៅ​កម្ពុជា​។ នៅក្នុងលិខិតជាចំហររបស់សភាពាណិជ្ជកម្មចិននៅកម្ពុជា បានលើកឡើងថា ឧក្រិដ្ឋជនបានប្រើប្រាស់មធ្យោបាយយ៉ាងឃោឃៅនិងព្រៃផ្សៃ ដែលជំរុញឲ្យពលរដ្ឋចិននៅកម្ពុជា និងពលរដ្ឋពួកគេ មានការខឹងសម្បារ។

បើតាមរបាយការណ៍កន្លងមករបស់កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ការប្រព្រឹត្តបទល្មើសទាំងនោះ ភាគច្រើនពាក់ព័ន្ធទៅនឹងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត និងក្រុមបោកប្រាស់ទូរគមនាគមន៍ ដែលនេះបានបង្កការខូចខាតនិងប៉ះពាល់ដល់ទំនុកចិត្តរបស់ជនជាតិចិន ដើម្បីចូលមកធ្វើអាជីវកម្មនៅកម្ពុជា។

យ៉ាងណា សភាពាណិជ្ជកម្មចិន បានលើកឡើងថា រដ្ឋាភិបាលនិងអាជ្ញាធរត្រូវចាត់វិធានការដោយប្រសិទ្ធិភាព ដើម្បីលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត និងក្រុមបោកប្រាស់ទូរគមនាគមន៍ រួចបង្កើតបរិយាកាសអាជីវកម្មល្អសម្រាប់សហគ្រាសចិនដែលកំពុងប្រតិបត្តិការ។ បែបជានេះក្តី នៅក្នុងលិខិតអំពាវនាវជាចំហរនោះ សភាពាណិជ្ជកម្មចិនក៏ស្នើឲ្យធុរជនចិនកំពុងធ្វើអាជីវកម្ម ត្រូវគោរពទៅតាមច្បាប់កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន។

ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន ៣.០៥៥លើក ថយចុះ១៩៩លើក ស្មើនឹង៦%។

នាយឧត្តមសេនីយ៍បានឱ្យដឹងបន្ថែមថា បទល្មើសដែលមានការថយចុះរួមមាន ការលួចមានស្ថានទម្ងន់ ឃាតកម្ម រំលោភសេពសន្ថវៈ បង្ខាំងមនុស្សជំរិតទាប្រាក់ បង្ខាំងមនុស្សខុសច្បាប់ ជះទឹកអាស៊ីត បោក និងបង្កៃគ្រាប់បែក លួច ឆក់ ឆបោក រំលោភទំនុកចិត្ត បំពានខាងផ្លូវភេទដទៃទៀត ប្រើអាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ។

សម្រាប់បទល្មើសគ្រឿងញៀនខុសច្បាប់ កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបាន ៥.៩៧ ៤ ករណី ឃាត់ខ្លួន១២.៦៧២នាក់, បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ៣០០ករណី ឃាត់ខ្លួន ៤៤០នាក់, បង្ក្រាបក្មេងទំនើង ១.០៤៧លើក ថយ៤៤៨លើក ឃាត់ខ្លួន ២.៣៨៧នាក់, បង្ក្រាបល្បែងស៊ីសង ១.៣៨៨ករណី ឃាត់ខ្លួន ៣.៩៦០នាក់ ព្រមទាំងបទល្មើសសេដ្ឋកិច្ចបាន ៤១៤លើក ក្នុងនោះបង្ក្រាប់ជាក់ស្តែង ៣១៧ករណី និងដោយស៊ើបអង្កេតស្រាវជ្រាវ ៩៧ករណី៕