ប្រទេសថៃ និងម៉ាឡេស៊ី បានព្រមព្រៀងគ្នា ទៅលើការកំណត់យកគោលដៅពាណិជ្ជកម្មទ្វេរភាគី ឱ្យបាន ៣០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២៥ ។
ជាក់ស្តែង ការប្រកាសនេះ ត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យរដ្ឋាភិបាល លោក Thanakorn Wangboonkongchana បន្ទាប់ពីនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ថៃ លោក Prayut Chan-o-cha បានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Ismail Sabri Yaakob កាលពីថ្ងៃសុក្រ នៅឯវិមានរដ្ឋាភិបាល ។
មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ Prayut បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់មេដឹកនាំបរទេស មកកាន់ប្រទេសថៃ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ មក គឺបានបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំង ២ ។
ហើយ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ បានឈានដល់ការយល់ព្រម ទៅលើកិច្ចព្រមព្រៀង នៅក្នុងវិស័យសំខាន់ៗមួយចំនួន ។
មួយនៅក្នុងការពិភាក្សានោះ គឺជាការតភ្ចាប់ រវាងប្រទេសទាំង ២ ឡើងវិញ ដើម្បីបើកព្រំដែន សម្រាប់អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងពេញលេញ ជាមួយនឹងការធ្វើដំណើរ ដោយពុំចាំបាច់ ត្រូវធ្វើចត្តាឡីស័កនោះឡើយ ។
បន្ថែមពីនេះ ជាមួយនឹងទំហំពាណិជ្ជកម្មតាមព្រំដែន និងការនាំចេញ នាំចូល បានកើនឡើន ក្នុងអំឡុងពេលមានជំងឺរាតត្បាត ខណ:ភាគីប្រទេសទាំង ២ បានធ្វើការព្រមព្រៀងគ្នា ដើម្បីព្យាយាម និងធ្វើឱ្យសម្រេចបាន នូវពាណិជ្ជកម្មទ្វេរភាគីចំនួន ៣០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។
មួយវិញទៀត ប្រទេសទាំងពីរ ក៏នឹងស្វែងរកឱកាសថ្មីៗ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព រួមទាំងសេដ្ឋកិច្ចឌីជីថល និងគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG) ផងដែរ ៕
ប្រភព: Bangkok Post