ការជួបចរចារវាងអ៊ុយក្រែន និងរុស្ស៊ីលើកដំបូង ត្រូវ បបានចាប់ផ្ដើមកាលពីថ្ថ្ងៃចន្ទម្សិលមិញ។ ក្នុងជំនួបនេះភាគីអ៊ុយក្រែន បានស្នើសុំបញ្ចប់ការវាយប្រហារភ្លាមៗ ខណៈខាងរុស្ស៊ីមិនបញ្ចេញព័ត៌មានអ្វីជាក់លាក់ឡើយ ដោយគ្រាន់តែបង្ហើបថា ត្រូវប្រជុំជាមួយរដ្ឋមន្ត្រីផ្សេងៗអំពីលក្ខខណ្ឌដែលបានចរចាជាមុនសិន។
ទោះជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្លាប់បាននិយាយរិះគន់ទៅកាន់ថ្នាក់ដឹកនាំរបស់ NATO អំពីការចេញសេចក្ដីប្រកាស ដែល ពូទីន ចាត់ទុកថា “ខុសទំនង” អំពីវិវាទរវាងអ៊ុយក្រែន-រុស្ស៊ី ហើយលោកថែមទាំងគំរាមទៅកាន់ប្រទេសផ្សេងៗដែលចង់ចូលមកដោះស្រាយបញ្ហាមួយនេះទៀតផង។
នៅថ្ងៃព្រហស្បតិ៍កាលពីសប្ដាហ៍កន្លងកន្លងទៅ Putin បានព្រមានធ្ងន់ៗថា “សម្រាប់គ្រប់គ្នាដែលចង់លូកដៃនៅក្នុងរឿងមួយនេះ នឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាធំបំផុតដែលប្រទេសរបស់ពួកគេមិនធ្លាប់ជួបពីមុនមក”។
បើទោះជាមិននិយាយចំៗក្ដី តែអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា បញ្ហាដែលប្រធានាធិបតីរុស្ស៊ីចង់សំដៅ គឺជាសង្គ្រាមនុយក្លេអ៊ែរដែលគ្រប់គ្នាមិនចង់បាន។ នេះបើតាមការអះអាងពីអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព Dmitry Muratov។
និពន្ធនាយកនៃកាសែត Novaya Gazeta បាននិយាយថា៖ “នៅក្នុងកម្មវិធីមួយនោះ Putin ធ្វើខ្លួនដូចជាមិនមែនត្រឹមតែជាប្រធានាធិបតី តែជាម្ចាស់គ្រប់គ្រងផែនដី។ មិនខុសគ្នាពី ម្ចាស់ឡានទំនើបដែលអួតសោរឡានឡើយ Putin បានអួតពីអានុភាពនៃកុងតាក់នុយក្លេអ៊ែរ”។
លោកបន្តថា “គាត់បាននិយាយច្រើនសារណាស់មកហើយថា បើគ្មានរុស្ស៊ី នោះពិភពលោកនឹងគ្មានន័យទេ តែគ្រប់គ្នាមិនបានចាប់អារម្មណ៍ឡើយ”។
បច្ចុប្បន្ន រុស្ស៊ីកំពុងរងការគំនាបការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីស្ទើរគ្រប់ប្រទេសនៅតំបន់អឺរ៉ុប និងលោកខាងលិច ហើយបើសិនជាស្ថានការណ៍នៅតែបន្តបែបនេះ ដំណើរសេដ្ឋកិច្ចនៃប្រទេសរុស្ស៊ីច្បាស់ជាមានភាពយ៉ាប់យ៉ឺនជាមិនខាន។
ដើម្បីអាចដោះស្រាយវិបត្តិនេះបាន រុស្ស៊ីមានតែកាត់ផ្ដាច់ការនាំចេញហ្គាសទៅកាន់តំបន់អឺរ៉ុប ដើម្បីអាចចរចាបើកផ្លូវសេដ្ឋកិច្ចវិញបានខ្លះ ហើយជម្រើសមួយទៀតគឺបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅសមុទ្រខាងជើងដែលស្ថិតនៅចន្លោះចក្រភពអង់គ្លេស និងដាណឺម៉ាក ហើយរង់ចាំមើលស្ថានការណ៍បន្ទាប់តែប៉ុណ្ណោះ។
ដូច្នេះ ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីគឺស្ថិតនៅក្នុងស្ថានការណ៍ស្រពិចស្រពិលនៅឡើយ ដ្បិតគ្មានអ្នកណាអាចស្មានដឹងឡើយពីការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរូបនេះ តួយ៉ាងដូចជា ការសម្រេចចិត្តបើកការវាយប្រហារខ្នាតធំភ្លាមៗទៅលើអ៊ុយក្រែនចឹង៕
ប្រភព: BBC