សម្ព័ន្ធមិត្ត​រុស្ស៊ី ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​ចិន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន

អន្តរជាតិ

បើ​ទោះ​ជា​ការ​ចរចា​ដំបូង​រវាង​អ៊ុយក្រែន​ និង​រុស្ស៊ី​កាលពី​ថ្ងៃច័ន្ទ​បាន​បញ្ចប់​ទៅ​ក្ដី​ តែ​ស្ថានការណ៍​នៅ​តែ​បង្ហាញ​នូវ​ភាព​អវិជ្ជមាន​ ស្របពេល​ប្រទេស​ចិន​ដែល​គ្រប់គ្នា​ដឹង​ថា ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​រុស្ស៊ី​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន​ហើយ​កាលពី​ថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិស្ស​ប្រមាណ​ជាង ៤០០ នាក់​នៅ​ Black Sea Port និង​ប្រមាណ​ជាង ២០០ នាក់​ផ្សេង​ទៀត​នៅ​រដ្ឋធានី Kyiv បាន​ភៀសខ្លួន​ពី​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃច័ន្ទ ខណៈ​ប្រជាជន​ប្រមាណ ១ ០០០ នាក់​ផ្សេង​ទៀត​រំពឹង​ថា នឹង​ជម្លៀស​ទៅ​ប្រទេស​ជិតខាង​នៅ​ថ្ងៃអង្គារ។ នេះ​បើតាម​ការ​អះអាង​ពី Global Times។

ដោយឡែក រដ្ឋាភិបាល​ចិន​ក៏​មាន​បំណង​ចង់​បញ្ជូន​ប្រជាជន​របស់​ពួកគេ​តាម​រយៈ​ជើង​ហោះហើរ​ផង​ដែរ តែ​គម្រោង​នេះ​ត្រូវបាន​លុបចោល​វិញ បន្ទាប់​ពី​ស្ថានការណ៍​នៃ​សង្គ្រាម​មួយ​នេះ​កាន់តែ​ធ្ងន់ធ្ងរៗ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។

ខុសពី​ប្រជាជន​មក​ពី​ប្រទេស​ផ្សេងទៀត ប្រជាជន​ចិន​មិន​ទទួល​បាន​ការ​ផ្ដល់ដំណឹង​អំពី​ការ​វាយលុក​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​ឡើយ ស្របពេល​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស Wang Wenbin បាន​និយាយ​ថា រដ្ឋមន្ត្រី និង​ស្ថានទូត​ចិន​នៅ​អ៊ុយក្រែន មាន​ផល​វិបាក​ក្នុង​ការ​ផ្ដល់ដំណឹង​មួយនេះ​ឲ្យ​បាន​ទាន់​ពេលវេលា។

បញ្ជាក់​ដែរ​ថា បើ​តាម​របាយការណ៍​ចុះ​ផ្សាយ​ដោយ​រដ្ឋាភិបាល បច្ចុប្បន្ន​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​ប្រទេស​អ៊ុយក្រែន​គឺ​មាន​ប្រមាណ ៦ ០០០ នាក់៕

ប្រភព: CNN