កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Clive Palmer បានទទួលការរិះគន់ឥតសំចៃដៃពីគណៈកម្មការប្រឆាំងការបរិហារកេរ្តិ៍នៃប្រទេសអូស្ត្រាលី ក្រោយរូបលោកបានទិញរថយន្ត Mercedes ដែលអាចការពារគ្រាប់កាំភ្លើង ហើយវាជាអតីតកម្មសិទ្ធិរបស់មេដឹកនាំផ្ដាច់ការ Adolf Hitler។
យោងតាមការចុះផ្សាយពីសារព័ត៌មានអូស្ត្រាលីបានឲ្យដឹងថា ស្ដេចត្រាញ់រ៉ែ និងបេក្ខភាពតំណាងរាស្ត្ររូបនេះ បានទិញរថយន្តខាងលើពីជនជាតិរុស្ស៊ីម្នាក់នៅឯកម្មវិធីដេញថ្លៃនៅទីក្រុងឡុង ក្នុងគោលបំណងយកវាមកតាំងបង្ហាញ ដោយសាររូបលោកជាអ្នកស្រលាញ់រថយន្តបំផុត។
រថយន្តដែលមហាសេដ្ឋីរូបនេះបានទិញគឺ Mercedes-Benz 770 Grosser Offener Tourenwagen ដែលត្រូវបានគេស្គាល់ថាជា Super Mercedes ដែលជារថយន្តមួយក្នុងចំណោមរថយន្តទាំង ៥ គ្រឿងដែលធ្លាប់ប្រើប្រាស់ដោយហ៊ីត្លែរ ខណៈ ៣ គ្រឿងទៀតកំពុងស្ថិតនៅក្នុងដៃបុគ្គលឯកជនផ្សេងទៀត។
“ខ្ញុំពិតជាមិនយល់ថាគាត់គិតពីអ្វី ខ្ញុំបានតេទូរស័ព្ទទៅកាន់ Clive Palmer សួរនាំពីរឿងមួយនេះ និងបានឲ្យគាត់គិតឡើងវិញពីកូនក្មេងប្រមាណ ១,៥ លាននាក់ដែលបានស្លាប់ដោយសារ Nazi និងជនជាតិជ្វីហ្វប្រមាណ ៦ លាននាក់ដែលបានសម្លាប់យ៉ាងរង្គាលនៅសម័យនោះ”។ នេះបើតាមការលើកឡើងរបស់ Dvir Abramovich ប្រធានគណៈកម្មការប្រឆាំងការបរិហារកេរ្តិ៍។
“បើទោះជាជំនាន់ប្រល័យពូជសាសន៍នេះវាផុតទៅយូរហើយក្ដី តែវប្បធម៌ និងមនោគមវិជ្ជាដ៏គ្រោះថ្នាក់របស់វានៅតែមានដល់សព្វថ្ងៃ។ យានយន្តដែលប្រើប្រាស់ដោយមនុស្សឃោរឃៅមួយនេះ មិនសក្ដិសមស្ថិតនៅក្នុងការតាំងបង្ហាញយានយន្តណាមួយ ឬក៏សារមន្ទីរណាមួយលើលោកឡើយ”៕
ប្រភព: timesofisrael