សាលាភូមិន្ទរដ្ឋបាល រៀបចំពិធីជ្រើសរើសកន្លែងបំពេញមុខងាររបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ (ជំនាន់ឧស្សាហកម្ម៤.០) និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ (ជំនាន់ប្រក្រតីភាពថ្មី) ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ។
ថ្លែងទៅកាន់សិស្សមន្ត្រីដែលនឹងបំពេញមុខងារតាមក្រសួង-ស្ថាប័ននានាពេលខាងមុខ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ក្នុងរដ្ឋបាលសាធារណៈ យើងត្រូវធ្វើឱ្យមានការប្រែក្លាយពីមន្រ្តីផ្តល់សេវាសាធារណៈ ទៅជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនេះគឺស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា «មន្រ្តីជាអ្នកបម្រើប្រជាពលរដ្ឋ»។
ក្នុងន័យនេះ លោក ព្រុំ សុខា ចង់មានន័ថា មន្រ្តីមុខងារសាធារណៈត្រូវការកែទម្រង់ ជាពិសេសត្រូវកែប្រែឥរិយាបទរបស់ខ្លួន ដោយត្រូវមានភាពរួសរាយរាក់ទាក់ និងមានឥរិយាបទឱនលំទោនជានិច្ចទៅកាន់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ។
លោកបន្ថែមថា បើចង់ធ្វើជាមន្ត្រីត្រូវរក្សាតម្លៃជាមន្ត្រី។ ពាក់ព័ន្ធនឹងការជ្រើសរើសកន្លែងបំពេញមុខងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ លោកគូសបញ្ជាក់ថា អនាគតជាមន្ត្រីសាធារណៈ គឺធ្វើការងារនៅក្រសួង-ស្ថាប័នណាក៏មានតម្លៃដែរ ព្រោះតម្លៃស្ថិតនៅលើបុគ្គលយើងផ្ទាល់តែម្តង។
សូមបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ សាលាភូមិន្ទរដ្ឋបាល បានធ្វើការបណ្តុះបណ្តាលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់បានចំនួន ១១ជំនាន់ ស្មើនឹង ៥៥០នាក់ សិស្សមន្ត្រីមធ្យមបានចំនួន ៣ជំនាន់ស្មើនឹង ១៧៤នាក់ និងសិស្សមន្ត្រីក្រមការបានចំនួន៩ជំនាន់ ស្មើនឹង ៦៧៩នាក់៕