សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​របូត​ងារ​ជា​មហាសេដ្ឋី ក្រោយ​តម្លៃ​ភាគហ៊ុន​ដាំក្បាលចុះ ៩០%

អន្តរជាតិ

ការ​វាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន បាន​ទទួល​រង​គំនាប​សេដ្ឋកិច្ច​ជាខ្លាំង​ ជាពិសេស​គឺ​បង្ក​ភាព​លំបាក​ដល់​មហាសេដ្ឋី និង​អ្នកជំនួញ​ធំៗ​រុស្ស៊ី​ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង កាលពី​ពេលថ្មីៗនេះ លោក Oleg Tinkov បាន​របូត​ងារ​ជា​មហាសេដ្ឋី​នៅ​រុស្ស៊ី បន្ទាប់​ពី​តម្លៃ​ភាគហ៊ុន​ Tinkoff ដាំក្បាលចុះ​ដល់​ទៅ ៩០% នៅ​លើ​ផ្សារហ៊ុន London Stock Exchange និង​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​នេះ​ខាតបង់​ទ្រព្យសម្បត្តិ​ដល់​ទៅជាង ៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​តិចជាង​ ១​ ខែ។

ដោយឡែក បើ​យោង​តាម​ការ​ចុះផ្សាយ​ពី Forbes បាន​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​របស់​ Tinkov នៅ​ពេល​នេះ​គឺ​ធ្លាក់​មក​សល់​ត្រឹម​ប្រមាណ ៨០០ លាន​ដុល្លារ ខណៈ​កាលពី​ខែ​វិច្ឆិកា​មាន​រហូត​ដល់ទៅ ២៣ ពាន់​លាន​ដុល្លារ​ឯណោះ។

អាច​និយាយ​បាន​ថា មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​នេះ​ហាក់​មាន​រឿងរ៉ាវ​ច្រើន​ជាងគេ​សម្រាប់​មួយ​រយៈកាល​ចុងក្រោយ ដ្បិត​កាលពី​ខែតុលា ២០២១ លោក​បាន​តម្រូវ​ឲ្យ​បង់​ពិន័យ​ប្រមាណ ៥០៩ លាន​ដុល្លារ ក្រោយ​រកឃើញ​ថា បាន​ល្មើស​នឹង​ច្បាប់​គេចពន្ធ​កាលពី​ខែមីនា ២០២០។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​លោក Tinkov គឺ​លែង​ជា​ប្រធាន​ក្រុមហ៊ុន Tinkoff តទៀត​ហើយ ក្រោយ​រកឃើញ​ថា លោក​មាន​ជំងឺ​មហារីកគ្រាប់ឈាម ហើយ​លោក​ក៏​ជា​មនុស្សម្នាក់​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ផងដែរ ដោយ​បាន​និយាយ​ថា មហាអំណាច​ធំៗ​គួរតែ​ចាយលុយ​លើ​ការពិសោធន៍​រក​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក ជាជាង​ការ​ធ្វើសង្គ្រាម៕

ប្រភព: Crast