កាលពីពេលកន្លងទៅ Roman Abramovich គឺបានប្រកាសផ្ដល់សិទ្ធិគ្រប់គ្រង និងមើលការខុសត្រូវដោយផ្ទាល់ចំពោះក្រុមបាល់ទាត់ Chelsea ទៅកាន់មូលនិធិនៃក្រុម បន្ទាប់ពីមានដំណឹងថា រដ្ឋាភិបាលអង់គ្លេសមានបំណងចង់ដកហូតសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិរបស់លោក។
ជាមួយគ្នានោះ ក៏ស្រាប់តែលឺល្ហៀងៗមកថា ម្ចាស់ក្លឹបតោខៀវក៏ធ្លាប់បានដាក់សំណើលក់ក្លឹបមួយនេះទៅឲ្យមហាសេដ្ឋីម្នាក់ដែលមានឈ្មោះថា Hansjorg Wyss គឺជាមហាសេដ្ឋីជនជាតិស្វីស។
បើយោងតាមការទម្លាយឲ្យដឹងពីលោក Wyss ទៅកាន់សារព័ត៌មាន Blick បានឲ្យដឹងថា៖ “Abramovich គឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងប្រធានាធិបតី Putin ហើយបច្ចុប្បន្នគាត់កំពុងស្ថិតនៅក្នុងវិបត្តិដ៏តឹងតែងមួយ”។
“Abramovich កំពុងចង់លក់នូវរាល់ភូមិគ្រឹះរបស់លោកទាំងអស់នៅអង់គ្លេស និងចង់វៃចេញ Chelsea ឲ្យបានលឿនបំផុត។ ខ្ញុំនិងមនុស្ស ៣ នាក់ផ្សេងទៀតបានទទួលសំណើពីការចង់លក់ក្លឹបបាល់ទាត់មួយនេះពី Abramovich កាលពីថ្ងៃអង្គារ”។
“ខ្ញុំត្រូវការពេល ៤-៥ថ្ងៃដើម្បីធ្វើការសម្រេចចិត្ត ដ្បិត Abramovich គឺបានដាក់តម្លៃខ្ពស់ពេក ស្របពេល Chelsea គឺជំពាក់គាត់ ២ ពាន់លានផោន ហើយពេលនេះក្លឹបគ្មានលុយឡើយ ដូច្នេះបើសិនជាទិញ Chelsea នោះ ក៏ត្រូវសងបំណុលទៅគាត់ដូចគ្នា”។
បញ្ជាក់ដែរថា មហាសេដ្ឋីដែលមានទំហំទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារ ក៏បានបង្ហើបដែរថា លោកនឹងមិនទិញ Chelsea ដោយផ្ទាល់ឡើយ ដ្បិតការចំណាយច្រើន ហើយបើសិនជាមានវិនិយោគិន ៦-៧ នាក់ចូលហ៊ុន នោះលទ្ធភាពនៃការក្លាយជាម្ចាស់ក្លឹបថ្មីនឹងអាចកើតមានបាន៕
ប្រភព: GOAL