រហូតដល់ម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។
សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់តែម្តង នៅក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។
ករណីរលំបាក់អគារកម្ពស់៧ជាន់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។ អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។
ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។
នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកំពស់៧ជាន់មួយផងដែរ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរស់២៦នាក់៕
ប្រភព៖ freshnewsasia