រាជធានីភ្នំពេញគឺជាមជ្ឍមណ្ឌលសេដ្ឋកិច្ចនិងការធ្វើពាណិជ្ជកម្ម។ រាជធានីដែលមានអាយុកាលជាង ៦០០ ឆ្នាំនេះបានពង្រីកខ្លួនជាបន្តបន្ទាប់។
បច្ចុប្បន្ននេះ ភូមិសាស្ត្រដែនដីរបស់រាជធានីភ្នំពេញបានពង្រីកព្រំប្រទល់រដ្ឋបាលពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា ដោយមានភូមិសាស្ត្រហុំព័ទ្ធដោយខេត្តកណ្ដាល។
ស្ថានភាពគ្រប់គ្រងរដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញ គឺចែកចេញជា ១៤ ខណ្ឌ ស្មើនឹង ១០៥ សង្កាត់ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ២,២៨ លាននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារប្រមាណជិត ១លាននាក់ផ្សេងទៀត ក្នុងអត្រាកំណើន ៣,១៥% ក្នុងមួយឆ្នាំ។
បើយោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥ ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់។
ការពង្រីកដល់ទៅ ១០០គីឡូម៉ែត្រ ក្នុងឆ្នាំ ២០៣៥ នោះដែលនឹងធ្វើឲ្យផ្នែកខ្លះនៃខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តតាកែវ ជាដើម នឹងប្រែក្លាយទៅជាភូមិសាស្ត្ររាជធានីភ្នំពេញតែមួយ។
ការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលជាងមួយទសវត្សរ៍ខាងមុខទៀត ក៏នឹងរួមចំណែកយ៉ាងសកម្មធ្វើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់អចលនវត្ថុនៅតំបន់ទាំងនោះ ទទួលបានផលជាវិជ្ជមាន ជាពិសេសគឺដីធ្លីឡើងថ្លៃដោយស្វ័យប្រវត្តិ។
បើតាមអ្នកវិភាគសេដ្ឋកិច្ច ភ្នំពេញដាច់ខាតត្រូវតែពង្រីកខ្លួនក្នុងចក្ខុវិស័យដ៏វែងឆ្ងាយនេះជាចាំបាច់ ដោយសារកំណើនប្រជាជនក្នុងទីក្រុង កត្តាសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញសព្វថ្ងៃ៕