សម្ដេច ហ៊ុន សែន ស្នើឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិនៃសមាជិកអាស៊ាន ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា។ ក្នុងន័យនេះ សម្តេចបានលើកចិត្តឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានលើកទឹកចិត្តផងដែរឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ចែករំលែកនូវបទពិសោធន៍ព័ត៌មាន និងចង់ឲ្យនគរបាលជាតិនៃសមាជិកអាស៊ានក្លាយជាឯកអគ្គរដ្ឋទូតដើម្បីពង្រីក ពង្រឹងទំនាក់ទំនង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។

ជាការឆ្លើយតប ប្រតិភូនគរបាលជាតិនៃសមាជិកអាស៊ាន បានលើកឡើងថា នឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់អាស៊ានឱ្យក្លាយទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមនីយកម្ម ស្ថេរភាព និងសន្តិភាព៕