ឧកញ៉ា ផន វណ្ណិត៖ រកស៊ីវិស័យអចលនទ្រព្យ មិនចេះតែជោគជ័យគ្រប់គ្នាទេ ប៉ុន្តែមិនមែនគ្មានដំណោះស្រាយនោះដែរ

ជុំវិញ​ឧកញ៉ា

តាមរយៈទំព័រហ្វេសបុកកាលពីពេលថ្មីៗនេះ ឧកញ៉ា ផន វណ្ណិត បានលើកឡើងនូវទស្សនៈរកសុីក្នុងវិស័យអចលនទ្រព្យ អមរំលេចដោយសៀវភៅ “ថ្វីគំនិត” របស់លោកដែលគ្រោងនឹងសម្ព​ោធឆាប់ៗខាងមុខនេះ ទុកជាយុទ្ធសាសន្រ្តដល់អ្នករកសុីក្នុងវិស័យអចលនទ្រព្យ ឬសម្រាប់អ្នករកសុីទូទៅដើម្បីស្រង់គន្លឹះបទពិសោធល្អៗដែលលោកធ្លាប់បានឆ្លងកាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានលើកឡើងថា៖ អ្នកមានក្នុងវិស័យអចលនទ្រព្យ មិនមែនមានដោយសារលុយទេ គឺមានដោយសារចេះបង្កើតទ្រព្យជាអចលនទ្រព្យ។

ឆ្លើយឆ្លងជាមួយក្រុមការងារឧកញ៉ាញូស៍ លោកបានពន្យល់យ៉ាងដូច្នេះថា៖ បច្ចុប្បន្ននេះអ្នករកសុីក្នុងវិស័យអចលនទ្រព្យជាច្រើនទទួលបានជោគជ័យ ខ្ញុំសង្កេតមើលឃើញសុទ្ធតែយុវវ័យពោរពេញដោយសមត្ថភាព និងមានសក្តានុពល។ អ្វីដែលខ្ញុំលើកថា អ្នកមានលុយក្នុងវិស័យអចលនទ្រព្យ មិនមែនមានដោយសារលុយទេ គឺមានដោយសារចេះបង្កើតទ្រព្យជាអចលនទ្រព្យ ចង់សំដៅដល់ការចេះបង្កើតទ្រព្យពីការទិញលក់ដី មិនមែនលក់ចេញបានលុយចំណេញ ហើយមិនបានវិនិយោគបន្តនោះ។

លោកឧកញ៉ាបន្ត អ្នកមានលុយក្នុងការងាររកស៊ីអចលនទ្រព្យពិត ជាអ្នកដែលតែងតែបង្កើតទ្រព្យជាអចលនពេទ្យទើបគេមានលុយកាន់តែច្រើនថែមទៀត ដែលមានសេដ្ឋីជាច្រើនបានបង្កើតទ្រព្យដោយចូលខ្លួនមកប្រឡូកក្នុងវិស័យអចលនទ្រព្យ។

យ៉ាងណាអ្នកជំនួញរូបនេះ បានមើលឃើញថា បច្ចុប្បន្ននៅកម្ពុជា ការបណ្តាក់ទុនលើវិស័យនេះត្រូវបានផ្តល់អាទិភាពខ្ពស់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ បើពិនិត្យមើលពីការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ បង្ហាញនូវការបន្តរីកចម្រើនជាលំដាប់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត គឺសុទ្ធសឹងតែបានបង្ហាញពីតួលេខនៃការអភិវឌ្ឍកើនឡើងជាមួយនឹងសំណង់អាគារលំនៅដ្ឋាន អាគារពាណិជ្ជកម្មខ្ពស់ៗ សណ្ឋាគារ និងសំណង់លំនៅដ្ឋានលក្ខណៈបុរី។

លោកឧកញ៉ាថ្លែងបន្ថែមថា៖ “ការរកស៊ីវិស័យអចលនទ្រព្យ មិនមែនចេះតែជោគជ័យគ្រប់គ្នាទេ ប៉ុន្តែមិនមែនយើងគ្មានដំណោះស្រាយ ឬវិធីសាស្រ្ត ក្នុងការចាប់ផ្តើមនោះដែរ”។

ទោះជាបែបនេះក្តី លោកបានលើកឡើងថា នៅមានគន្លឹះ និងវិធីសាស្ត្រជាច្រើនផ្សេងទៀត សម្រាប់អ្នកដែលចង់ចាប់ផ្ដើមទិញលក់អចលនទ្រព្យឱ្យឆាប់បានជោគជ័យ ដូចជាចេះមើលភូមិសាស្ត្រ ទិសអអចលនទ្រព្យ ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ទន្ទឹមនឹងនោះ អ្នកជំនាញអចលនទ្រព្យ និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍ ឧកញ៉ា ផន វណ្ណិត ក៏បានបង្ហើបផងដែរនូវស្នាដៃដំបូងរបស់គ្រោងចេញសម្ពោធជាផ្លូវការឆាប់ៗខាងមុខនេះ ក្រោមចំណងជើង “ថ្វីគំនិត” ដែលជាឃ្លាំងចំណេះដឹង បទពិសោធ និងព័ត៌មានមិនចេះរីងស្ងួត។

ថ្វីគំនិត ជាគន្លឹះសម្រាប់រុករុញចេញចូលមិនធ្លាប់មានអ្នកគិតមុនមក ពីការវិនិយោគ ការប្រមូលទុន រៀបចំអនាគត ដើម្បីស្រូបយកលុយ បង្កើតទ្រព្យ។ ដូច្នេះសៀវភៅនេះ នឹងដើរតួយ៉ាងសំខាន់ និងជាជំហានថ្មីមួយធ្វើឱ្យអ្នកវិនិយោគបានដឹងអំពីសក្តានុពលក្នុងវិស័យជំនួញ និងអចលនទ្រព្យ ដែលកំពុងទាក់ទាញការវិនិយោគច្រើនជាងគេបំផុត។

លោកឧកញ៉ាថ្លែងបញ្ជាក់ថា អានសៀវភៅ ថ្វីគំនិត ទទួលបានចំណេះដឹងពីសហគ្រិនអចលនទ្រព្យ វិថីជីវិតជោគជ័យ ដោយលើកឡើងនូវបទពិសោធន៍ពិតជាក់ស្ដែងរបស់ខ្ញុំ ដើម្បីបំបែកគំនិតនិងការបំលែងគំនិតទៅជាសកម្មភាព។អ្នកដែលអានសៀវភៅនេះ រំពឹងខ្ពស់នឹងអាចក្លាយជាអ្នកបង្តើតទេព្យ ប្រកបដោយគុណធម៌រស់រវើក។

លោកឧកញ៉ាបានផ្តល់អនុសាសន៍ថា៖ ចង់ជោគជ័យត្រូវស្តាប់ឲ្យបានច្រើន គិតឲ្យបានច្បាស់ ហ៊ានចេញដើរឲ្យលឿន បើជួបឧបសគ្គសូមកុំខ្លាចឲ្យសោះ ព្រោះការចាប់ផ្តើមតែងមានទីបញ្ចប់ជានិច្ច៕