រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន ជាបន្ទាន់ឬកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយចីរភាព ។
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញ ការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធា ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ គឺដើម្បី បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាង ការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនឡើង។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ជឿជាក់ថានៅតែមានឱកាសនៃការសន្ទនាដោយសន្តិវិធី ដើម្បីគ្រប់គ្រងបាននូវស្ថានការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ព្រមទាំង ផលប៉ះពាល់អវិជ្ជមានដែលកើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ានបានត្រៀមខ្លួន រួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ តាមគ្រប់ មធ្យោបាយដែលអាចធ្វើទៅបាន ។
គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនដែលបានចាប់ផ្ទុះឡើងកាលពីថ្ងៃទី ២៤កុម្ភៈ ឆ្នាំ២០២២ កំពុងបន្តកាន់តែធ្ងន់ធ្ងរ មានបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ហើយបច្ចុប្បន្ន ពិភពលោកកំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕