សមាគម​រោងច​ក្រកាត់​ដេរ​កម្ពុជា ថាគោលនយោបាយចាក់​វ៉ាក់សាំង បាន​ធានា​​ស្ថេរភាព​​ផលិតកម្ម និងកំណើន​នៃ​ការ​នាំ​ចេញ​

សង្គម​ និង​សេដ្ឋកិច្ច

លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានលើក​ឡើង​ថា ក្នុងអំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ គោលនយោបាយចាក់វ៉ាក់សាំង​ដ៏ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួម​នឹងការជួយជ្រោមជ្រែងពីសំណាក់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើអោយវិស័យកាត់ដេរ ផលិត​ស្បែកជើង និងកាបូប​នៅ​កម្ពុជា​ធានាបានស្ថេរភាពផលិតកម្ម និងកំណើន​នៃការនាំចេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោកឧកញ៉ា បែបនេះបានធ្វើឡើងនៅក្នុងឳកាស​ដឹកនាំសមាជិក​របស់​ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)  ចូលជួបពិភាក្សាការងារមួយចំនួន និងទទួល​ការណែនាំខ្លះៗ លើទិសដៅនៃការរក្សានិរន្តរភាពការងារនៃកំណើន ដើម្បីបន្ត​ជួយទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា  ជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

លោកឧកញ៉ា គង់ សាង បានបន្ថែមថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផល​កាត់ដេរ​មា​នចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លា​ន​ដុល្លារ​អាមេរិក ស្មើនឹង ១៥.២ភាគរយ ។ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែក​ជើង ១,៣​៩​០​​លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះគឺផលិតផល​វាយ​នភ័ណ្ឌ​ផ្សេង​ៗទៀ​ត​ ។ បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិត​ស្បែក​ជើង​ចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។

ជាមួយគ្នានេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាន​លើក​ឡើងថា ចំពោះវិធានការអន្តរាគមន៍​នានារបស់រាជរដ្ឋាភិបាល ជាមួយ​ក្របខណ្ឌយុទ្ធ​សា​ស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម​ប្រក្រតី​ភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ត្រូវបានចាត់​ទុកជាវិស័យ​អាទិភាព ដែលតម្រូវឲ្យមាននូវ ការដាក់ចេញនូវយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ផលិត​ស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបា​ននូវនិរន្តរ​ភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគ​មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។

លោករដ្ឋមន្ត្រី បានបន្តថា ដោយសារតែមានករណីកើនឡើងនូវជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ​អូមីក្រុង ដូច្នេះទាមទារឲ្យខាងសមាជិករបស់សមាគម ដែលមានរោងចក្រ សហគ្រាស កំពុង​ដំណើរការអាជីវកម្មសព្វថ្ងៃនេះ អនុវ​ត្តន៍​ឲ្យបានល្អនូវគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងឲ្យបានខ្ជាប់ខ្ជួន ក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្ម ព្រមទាំង​រក្សាការងារជូនកម្មករនិយោជិត ៕