រដ្ឋមន្ត្រីក្រសួងរៀបចំ​​ដែនដី ប្រាប់​ឲ្យ​​អភិបាល​រាជធានី ខេត្ត ទប់ស្កាត់ការ​សាងសង់​​សំណង់​​​ដែល​គ្មាន​លិខិតអនុ​​​ញ្ញាត

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បាន​ណែនាំឲ្យ​អភិបាលរាជធានី ខេត្ត ទប់ស្កាត់​ការ​​សាងសង់ ឬរុះរើ​សំណង់​​ដែលគ្មាន​លិខិតអនុញ្ញាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងលិខិតជម្រាបជូនទៅកាន់​អភិបាលរាជធានី ខេត្ត  លោក ជា សុផារ៉ា  បានបញ្ជាក់ថា ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ មិនអនុញ្ញាតឱ្យមានការដ្ឋានសំណង់ ចាប់ផ្តើម​ដំណើរ​ការសាងសង់ ឬរុះរើ ដោយគ្មានប្លង់ស្ថាបត្យកម្មនិងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបាន ការ​យល់​​ព្រម​ពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

លោក ជា សុផារ៉ា  បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះជាអំពើខុស​ច្បាប់ ដែល​អាចបង្កឱ្យ ប៉ះពាល់​ដល់​បទ​ប្បញ្​ញត្តិស្តី​ពីធ្លាគម្លាត គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ សណ្ដាប់​ធ្នាប់សាធារណះ សោភ​ណភាព ការរស់នៅ​ប្រកបដោយចីរភាព និងអាចបង្ក​ឱ្យមានវិវាទ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏ស្នើឲ្យអភិបាលរាជធានី ខេត្ត ជំរុញការតាមដានត្រួតពិនិត្យចាត់ វិធានការទប់ស្កាត់​ការ​សាងសង់ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត និងចាត់ចែង​ដាក់​ទណ្ឌ​កម្មចំពោះ ជនដែល​ប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិស្តីពីសំណង់ មានជាអាទិ៍ ការតម្រូវ​ឱ្យម្ចាស់​​សំណង់​កែសម្រួល ឬរុះរើសំណង់ ការហាមឃាត់ការប្រើប្រាស់ ការប្រកបអាជីវកម្ម ការចាត់​ចែង និងការធ្វើចរន្តការ​នានា ដូចជាការមិនអនុញ្ញាតឱ្យធ្វើការបញ្ជាក់ ការដាក់ហ៊ីប៉ូតែក ការ​ផ្ទេរ ឬលក់-ទិញពាក់​ព័ន្ធនឹង​សំណង់ដែល គ្មានលិខិតអនុញ្ញាត និងការកសាង​សំណុំរឿង​បញ្ជូនទៅតុលាការ ដើម្បីស្នើសុំរឹបអូសសម្ភារៈ បរិក្ខារ និង ឧបករណ៍ផ្សេងៗទៀត ការផ្តន្ទា​ទោសពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយ ក្រុមហ៊ុនការដាក់ឱ្យ​ស្ថិត​ក្រោមការ​ត្រួត​ពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការ ធ្វើសកម្មភាព ការ​បណ្តេញ​ចេញ​ពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស និងការ ផ្សាយសេច​ក្តី​សម្រេចផ្តន្ទាទោសជាសាធារណៈ។

គួរបញ្ជា់ថា គិតពីចាប់ឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០គម្រោង ផ្ទៃ​ក្រឡាកម្រាលសំណង់សរុបចំនួន១៦៦ ៦២៣ ៨៩១ម៉ែត្រក្រឡា និងតម្លៃប៉ាន់​ស្មានទុន​វិនិ​យោគសរុបប្រមាណ៦៦ ២០៥ ៨៤១ ៩៣៦ដុល្លារ។