រុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសជិតខាងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈកន្លងទៅ ហើយវាបានបង្កឲ្យមានផលប៉ះពាល់ជាខ្លាំងទៅកាន់សេដ្ឋកិច្ចនៃតំបន់អឺរ៉ុប ខណៈស្ទើរគ្រប់ប្រទេសលើពិភពលោកកំពុងនាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី។
តួយ៉ាង កាលពីពេលថ្មីៗនេះក្រុមមហាសេដ្ឋីជាច្រើននាក់កំពុងស្ថិតនៅក្រោមគំនាបសេដ្ឋកិច្ចពីតំបន់អឺរ៉ុប ដូចជារឹបអូសនាវាផ្ទាល់ខ្លួនរបស់ពួកគេមករក្សាទុក បើសិនជាវត្ថុមានតម្លៃអស់ទាំងនោះស្ថិតនៅតំបន់អឺរ៉ុប។
ទន្ទឺមនឹងនោះ Bloomberg Billionaires Index ក៏បានរាយការណ៍មកដែរថា ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានបណ្ដាលឲ្យទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរុស្ស៊ីខាតបង់អស់ 1/3 ឬប្រមាណជាង ៨០ ពាន់លានដុល្លារ។
ប្រភពខាងលើអះអាងទៀតថា ក្នុងចំណោមក្រុមមហាសេដ្ឋីទាំងអស់មានតែ Vladimir Potanin និង Alisher Usmanov ប៉ុណ្ណោះដែលបាត់បង់ទ្រព្យតិចតួច បើធៀបនឹងមហាសេដ្ឋីផ្សេងៗទៀត។
ជាការពិត បើក្រឡេកទៅមើល Gennady Timchenko ដែលជាម្ចាស់ក្រុមហ៊ុន Volga Group បានរបូតទ្រព្យសម្បត្តិពាក់កណ្ដាលពី ២២ មកត្រឹម ១១ ពាន់លានដុល្លារ ស្របពេល Leonid Mikhelson ដែលជានាយកប្រតិបត្តិក្រុមហ៊ុនហ្គាស Novatek ក៏ខាតលុយ ១០,៥ ពាន់លានដុល្លារដែរ។
ហើយបើយោងទៅតាមការចុះផ្សាយពី Forbes បានឲ្យដឹងទៀតថា យ៉ាងហោចណាស់ជនជាតិរុស្ស៊ី ១២ រូបបានធ្លាក់ចេញពីបញ្ជីមហាសេដ្ឋីប្រចាំប្រទេសនៅក្នុងសប្ដាហ៍នេះ៕
ប្រភព: CNBC