លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៣ ខែមីនានេះ ជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសវៀតណាមប្រចាំកម្ពុជា ដោយលើកឡើងពាក់ព័ន្ធអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ថាមពល និងប្រេងកាតរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានធ្វើការបន្តផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍តាមរយៈវេទិកា កិច្ចប្រជុំ សិក្ខាសាលា និងទស្សនកិច្ចសិក្សា និង ឯកភាពគ្នាក្នុងការសិក្សានិងអភិវឌ្ឍលើវិស័យថាមពលស្អាត និងថាមពលកកើតឡើងវីញ។
ជាមួយគ្នានេះ ក៏នឹងបន្តពង្រឹង និងពង្រីកសក្តានុពលវិនិយោគលើវិស័យរ៉ែ ថាមពល និងប្រេងកាតផងដែរ។
គម្រោងវិនិយោគថាមពលកកើតឡើងវិញគឺស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលើការអភិវឌ្ឍថាមពល។
លោក ស៊ុយ សែម និយាយថា កម្ពុជាមិនមានគម្រោងអភិវឌ្ឍរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មថ្មីទៀតទេ បន្ថែមពីលើគម្រោងដែលបានអនុម័តរួចតាំងពីឆ្នាំ ២០១៩ ដោយរាជរដ្ឋាភិបាល ហើយបន្តជំរុញការវិនិយោគលើថាមពលស្អាត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជានឹងប្តូរទៅប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិដែលនាំចូល ឧស្ម័ន LNG ឬអ៊ីដ្រូសែនជំនួសវិញ ហើយបន្តលើកទឹកចិត្តការវិនិយោគក្នុងវិស័យថាមពលស្អាត។
គួររំលឹកថា កម្ពុជាត្រូវការថាមពលអគ្គិសនីជាមធ្យមលើសពី ២.០០០mW ក្នុងមួយឆ្នាំ។ បើតាមក្រសួងរ៉ែ តម្រូវការត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ២០ ភាគរយមកត្រឹម ១.៨០០mW សម្រាប់ឆ្នាំ ២០២២៕