ក្រុមហ៊ុនជប៉ុន Panasonic គ្រោងនឹងសាងសង់រោងចក្រអាគុយថ្មី តម្លៃរាប់ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ Tesla

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Panasonic កំពុងតែស្វែងរកការទិញដីនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ការសាងសង់រោងចក្រដ៏ធំមួយ ដើម្បីផលិតអាគុយរថយន្តអគ្គិសនី (EV) ប្រភេទថ្មី សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន Tesla Inc ។ យ៉ាងណា នេះបើតាមការចុះផ្សាយពី NHK កាលពីថ្ងៃសុក្រកន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមពីនេះ NHK បានរាយការណ៍ទៀតថា​ ក្រុមហ៊ុន Panasonic កំពុងដាក់គម្រោងសាងសង់រោងចក្រថ្មីរបស់ខ្លួននេះ ដែលនឹងត្រូវចំណាយទឹកប្រាក់អស់រាប់ពាន់លានដុល្លារ ទាំងនៅក្នុងរដ្ឋ Oklahoma ឬ Kansas ដែលស្ថិតនៅជិតរដ្ឋ Texas និងជាកន្លែងដែល Tesla កំពុងរៀបចំបើករោងចក្រ EV ថ្មីផងដែរ ។

យ៉ាងណាក៏ដោយ NHK មិនបានផ្តល់ពេលវេលាច្បាស់លាស់ ចំពោះគម្រោងរបស់ក្រុមហ៊ុន Panasonic នៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះនោះទេ ។

ដោយឡែក Panasonic ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ សម្រាប់ Tesla ដ៏យូរមកហើយនេះ បាននិយាយថា ខ្លួនក៏គ្រោងនឹងចាប់ផ្តើមបើកការផលិតទ្រង់ទ្រាយធំ ទៅលើអាគុយប្រភេទថ្មី Lithium-ion សម្រាប់បំពាក់លើរថយន្ត Tesla នៅមុនដំណាច់ខែមីនា ឆ្នាំ ២០២៤ ជាមួយនឹងខ្សែផលិតកម្មថ្មីចំនួន ២ ក្នុងរោងចក្រ នៅឯប្រទេសជប៉ុនផងដែរ ។

គួរឱ្យដឹងផងដែរថា ទំនាក់ទំនងរបស់ក្រុមហ៊ុន Panasonic ជាមួយ Tesla គឺមានរយ:ពេលជាងមួយទសវត្សរ៍មកហើយ នៅពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជ្រើសយកក្រុមហ៊ុមខ្នាតយក្សរបស់ជប៉ុន ជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុត របស់ខ្លួន ៕

ប្រភព: CNA