សន្និសីទអាស៊ានណាប៉ូល លើកទី៤០ លើប្រធានបទ“លើកកម្ពស់សុខដុមនីយកម្ម តំបន់ មានសន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយ ប្រកបដោយស្មារតីមិត្តភាព ស្និទស្នាល គោរពគ្នាទៅវិញទៅមក និងទទួលបានលទ្ធផលប្រកបដោយ ផ្លែផ្កា កាលរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ។
ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់សន្និសីទអាស៊ានណាប៉ូល លើកទី៤០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា អង្គសន្និសីទបានផ្លាស់ប្តូរនូវសភាពការណ៍ លទ្ធផលការងារ និងបទពិសោធន៍ល្អៗឱ្យគ្នាទៅ វិញទៅមកទាក់ទងនឹងបទល្មើសឆ្លងដែន និងបទល្មើសមិនប្រពៃណីមួយចំនួន ក្នុងនោះបានផ្ដោតសំខាន់លើបទល្មើសឆ្លងដែនចំនួន១០ រួមមាន បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ សម្មភាពភេរវកម្ម ការជួញដូរអាវុធខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ បទល្មើសលើផ្ទៃសមុទ្រ បទល្មើសពាណិជ្ជកម្ម ធនាគារ និងបណ្ណឥណទានក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ឯកសារធ្វើដំណើក្លែងក្លាយនិងបទល្មើសឆ្លងដែន។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបន្ថែមថា អង្គសន្និសីទក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកពេលមានគ្រាអាសន្ន ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកងកម្លាំងនគរបាលក្នុងប្រទេសអាស៊ាន ការបន្ត អភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យអាស៊ានណាប៉ូល e-ADS 2.0 និងបណ្តាញក្រុមការងារវិទ្យាសាស្ត្រកោសល្យ វិច្ឆ័យនគរបាលអាស៊ាន។
ជាមួយនោះ នាយឧត្តមសេនីយ៍ បានបន្តថា សន្និសីទក៏បានឯកភាពទទួលយកសំណូមពររបស់ប្រទេស ស្ថាប័នចំនួន ០៤ មានដូចជា នគរបាល Bangladesh នាយកដ្ឋានសន្តិសុខសាធារណៈអ៊ីតាលី ក្រសួងមហាផ្ទៃ អារ៉ាប់រួម និងនគរបាលសហព័ន្ធ Argentine ធ្វើជាអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល ព្រមទាំងបានឯកភាពគ្នាលើកិច្ចការមួយចំនួនទាក់ទងនឹងការរៀបចំពង្រឹងដំណើរការលេខាធិការដ្ឋានអាស៊ានណាប៉ូលផងដែរ។
គួរបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។ សន្និសីទអាស៊ានណាប៉ូល គឺជាវេទិកាជួបជុំជាប្រពៃណីប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំកងកម្លាំងនគរបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ សម្រាប់សន្និសីទអាស៊ានណាប៉ូលលើកទី៤១ ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះបន្តវេន៕