ទ័ព​រុស្ស៊ី​ប្រកាស​ផ្អាក​វាយប្រហារ ទុក​ពេល​ឲ្យ​ប្រជាជន​អ៊ុយក្រែន​ភៀសខ្លួន​ ខណៈ​ការ​ចរចា​លើកទី ៣ នឹង​ធ្វើឡើង​នា​ពេល​ឆាប់ៗ

អន្តរជាតិ

យោង​តាម​ការ​អះអាង​ពី​ក្រសួង​ការពារជាតិ​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ផ្អាក​ការ​វាយ​ប្រហារ​នៅ​តាម​តំបន់​ខ្លះ​របស់​អ៊ុយក្រែន ដើម្បី​ទុកពេល​ឲ្យ​ប្រជាជន​អ៊ុយក្រែន​អាច​ធ្វើការ​ជម្លៀសខ្លួន​ដោយ​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​ថ្ងៃទី ៥ មីនា​ចាប់ពី​ម៉ោង ១០ ព្រឹក​ គិត​តាម​ម៉ោង​នៅ​ទីក្រុង​ Moscow កងទ័ព​របស់​រុស្ស៊ី​បាន​យល់ព្រម​ផ្អាក​ការ​វាយប្រហារ និង​បើកច្រក​ឲ្យ​ប្រជាជន​​មកពី​ទីក្រុង Mariupol និង Volnovakha អាច​ជម្លៀសខ្លួន​បាន​ដោយ​សុវត្ថិភាព ហើយ​នេះ​គឺ​ជា​ការ​សម្រេចចិត្ត​របស់​ភាគី​ទាំងសងខាង”។

ដោយឡែក រដ្ឋមន្ត្រី​នៅ​ប្រទេស​លោក​ខាងលិច​យល់ឃើញ​ថា នេះ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រុស្ស៊ី​ដែល​ងាក​ពី​ការវាយប្រហារ​ទៅ​លើ​កងយោធា មក​ដាក់​គោលដៅ​លើ​ប្រជាជន​វិញ ដ្បិត​មួយ​រយៈកាលចុងក្រោយ ទីក្រុងធំៗ​របស់​អ៊ុយក្រែន​សុទ្ធតែ​ទទួល​បាន​ការ​វាយ​ប្រហារ​ស្ទើទាំងអស់។

​ពួកគេ​អះអាង​ទៀត​ថា​ ​យុទ្ធសាស្ត្រ​ថ្មី​នេះ​អាច​កើតមាន​បន្ទាប់ពី​ប្រធានាធិបតី Vladimir Putin បរាជ័យ​ក្នុង​ការ​យកឈ្នះ​សង្គ្រាម​រយៈពេលខ្លី ស្របពេល​បើ​សង្គ្រាម​នៅ​តែ​អូសបន្លាយ​ ផលប៉ះពាល់​នឹង​កាន់តែ​មាន​ខ្លាំង​ដូចគ្នា។

បញ្ជាក់​ដែរ​ថា ជំនួប​ចរចា​លើកទី ២ រវាង​ប្រទេស​ទាំង ២ បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ ប៉ុន្តែ​វា​មិន​បាន​លទ្ធផល​ដូចដែល​អ៊ុយក្រែន​ចង់បាន​ឡើយ តែ​ភាគី​ទាំងសងខាង​បាន​យល់ព្រម​ពី​ការជម្លៀស​ប្រជាជន​ទៅ​កាន់​ទីកន្លែង​សុវត្ថិភាព​ជាមុនសិន។

បន្ថែម​ពី​នោះ Putin បាន​ប្រាប់​ទៅកាន់​អធិការបតី​អាល្លឺម៉ង់ Olaf Scholz នៅ​ថ្ងៃសុក្រ​ថា ជំនួប​ចរចា​លើក​ទី ៣ នឹង​ធ្វើឡើង​នៅ​ពេលដ៏​ខ្លី​ខាងមុខ​នេះ៕

ប្រភព: CNN