សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ មានប្រសាសន៍ថា សម្តេចមិនទាន់មានការឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។
ការបញ្ជាក់របស់ សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។
សម្តេចតេជោ បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលា នៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។
ទន្ទឹមនឹងនេះ សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលាសមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន៕
ប្រទេសអាស៊ាន ៣ ស្នើសម្តេចតេជោ ហ៊ុន សែន ប្តូរពេលវេលាកិច្ចប្រជុំពិសេសជាមួយអាមេរិក
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព