តើកម្ពុជាលក់អង្ករឨ្យរុស្សី និងអ៊ុយក្រែនបានប៉ុន្មានតោនក្នុងមួយឆ្នាំ ?

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល​ ៥ឆ្នាំចុងក្រោយ គឺចាប់ឆ្នាំ ២០១៧ ដល់២០២១ កន្លងទៅ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសរុស្សីបានចំនួន ១៧​ ៥១២តោន។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមាន ចំនួន​ ២​ ២២៣​ តោន ដែលគិតជាទឹកប្រាក់មានចំនួន ​ ១​ ៩៦៣​ ៦៤០​ ដុល្លារសហរដ្ឋអាមេរិក និងសម្រាប់ ខែមករា និងខែកុម្ភៈ​ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសរុស្សី​មានចំនួនត្រឹមតែ ២០០តោនដែលគិតជាទឹកប្រាក់មានចំនួន ​ ២០០​ ៦៤០​ ដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនោះ ការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែនវិញ គឺបានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនតែប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២១ ការនាំចេញអង្ករ របស់កម្ពុជា មានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។

ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១%៕