ទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច កំពុងដាក់ទៅលើរុស្ស៊ី បានបណ្តាលឱ្យការបញ្ជាទិញទំនិញ និងប្រតិបត្តិការដឹកជញ្ជូនរបស់ប្រទេសវៀតណាម ត្រូវបានពន្យាពេល ។
ជាក់ស្តែង លោក Phan Minh Thong អគ្គនាយកក្រុមហ៊ុន Phuc Sinh បានចំណាយពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីទាក់ទងទៅកាន់អតិថិជន នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសនៅអឺរ៉ុប ដើម្បីដោះស្រាយការបញ្ជាទិញ និងស្នើសុំពន្យាពេលដឹកជញ្ជូន ។
គួរឱ្យដឹងផងដែរថា ក្នុងមួយឆ្នាំក្រុមហ៊ុនខាងលើ បាននាំចេញកាហ្វេ ម្រេច និងផលិតផលផ្សេងទៀត ដែលមានតម្លៃសរុបប្រហែល ៣០ លានដុល្លារ ទៅកាន់ប្រទេសរុស្ស៊ី។ ប៉ុន្តែដោយសារតែការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ក្នុងរយ:ពេលកន្លងមកនេះ ដោយរួមមានទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីសំណាក់ប្រទេសលោកខាងលិច បានធ្វើឱ្យការបញ្ជាទិញ របស់ក្រុមហ៊ុន Phuc Sinh ត្រូវបានផ្អាកទាំងស្រុង ។
យ៉ាងណា លោក Thong បាននិយាយថា ដៃគូអាជីវកម្មរបស់លោក នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសនៅអឺរ៉ុប កំពុងប្រឈមមុខជាមួយនឹងបញ្ហាស្រដៀងគ្នានេះ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ហើយនៅប្រទេសវៀតណាម លោក Thong តែម្នាក់ឯក គឺមានភាពពិបាកខ្លាំង ក្នុងការប្រឈមមុខនឹងបញ្ហានេះណាស់ ។
ដោយឡែកក្រុមហ៊ុនរបស់វៀតណាមមួយផ្សេងទៀត ដែលនាំចេញផ្លែឈើ និងបន្លែ ទៅកាន់ប្រទេសរុស្ស៊ី ក៏ត្រូវបានផ្អាកការបញ្ជាទិញរបស់ខ្លួនផងដែរ ដោយសារតែបញ្ហាភស្តុភារ ស្របពេលប័ណ្ណសម្រាប់នាំចេញទៅកាន់ប្រទេសរុស្ស៊ី គឺត្រូវបានបដិសេធដោយធនាគារផងដែរ ដោយសារតែធនាគាររបស់វៀតណាម និងដៃគូរបស់ពួកគេ ប្រើប្រាស់ប្រព័ន្ធទូទាត់សកល SWIFT ៕
ប្រភព: VN Express