កម្ពុជានាំចេញផលិតផលវាយនភណ្ឌ ទៅកាន់ទីផ្សារអាមេរិក ចំនួន៣០ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W.Patrick Murphy បានអះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួន៣០ភាគរយ ដែលលោក ចាត់ទុកថា នេះជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោក W.Patrick Murphy ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក អ៊ិត សំហេង អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស, បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យការងារ និង កម្មវិធីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (USAID) នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក W.Patrick Murphy បញ្ជាក់បន្ថែមថា កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឲ្យបានសមរម្យជាមួយគ្នាបន្តទៀត។

ក្នុងជំនួបនេះភាគីទាំងពីរបានសំដែងនូវមោទកភាពចំពោះវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិផងដែរ។ ជាមួយនេះ ចំពោះគម្រោងរោងចក្រកាន់តែប្រសើរ ក្រសួងនឹងបន្តជម្រុញឱ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឱ្យមានជាអធិការកិច្ចរួមគ្នារវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។

ដោយឡែក ករណីវិវាទការងារ ក្រសួងតែងតែខិតខំឱ្យអស់លទ្ធភាពក្នុងផ្សះផ្សា និងស្វែងរកដំណោះស្រាយតាមយន្តការចរចារ ហើយតែងតែបន្តអំពាវនាវ តាមការអញ្ជើញភាគីវិវាទចូលមកជួបចរចារដោះស្រាយដោយសន្តិវិធីស្របតាមនីតិវិធីច្បាប់ជាធរមាន ហើយក្រសួងរីករាយក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនដល់ភាគីវិវាទ ដើម្បីធានាបាននូវការការពារតាមផ្លូវច្បាប់ ដែលកន្លងមកក្រសួងបាននឹងកំពុងអនុវត្តកក្នុងការជួយគាំពារដល់បងប្អូនកម្មរនិយោជិត ជាពិសេស មេដឹកនាំសហជីព៕