ថៃ ស្ថិតនៅក្នុងបញ្ជីប្រទេស ដែលត្រូវបាន CDC ហាមឃាត់ប្រជាជនអាមេរិក មិនឱ្យទៅកម្សាន្ត

អន្តរជាតិ

ថ្មីៗនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ឬហៅកាត់ CDC របស់អាមេរិក បានដាក់​បញ្ចូល​ប្រទេសថៃ ហុងកុង និងនូវែលសេឡង់ ទៅក្នុងបញ្ជី ដែលហាមឃាត់ប្រជាជនអាមេរិក មិនឱ្យធ្វើដំណើរទៅកម្សាន្ត ដោយសារតែមានកម្រិតឆ្លងជំងឺកូវីដ ១៩ ខ្ពស់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង CDC បានធ្វើការណែនាំ អំពីការធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ ហើយសម្រាប់ប្រទេសថៃ និងប្រទេស ២ ផ្សេងទៀត ថ្មីៗនេះត្រូវបានដាក់ចូលក្នុង “កម្រិតទី ៤ :ខ្ពស់បំផុត” ដែល CDC ជំរុញឱ្យប្រជាជនអាមេរិក ហាមធ្វើដំណើរទៅ រួមជាមួយប្រទេស និងដែនដីប្រហែល ១៣៥ ផ្សេងទៀត ។

​ដោយឡែក CDC ក៏បានបង្ហាញពីបញ្ជីឈ្មោះប្រទេស ៣៣ ផ្សេងទៀត ដែលស្ថិតនៅ “កម្រិតទី ៣: ខ្ពស់” និងណែនាំឱ្យជនជាតិអាមេរិកណា ដែលមិនបានចាក់វ៉ាក់សាំង គឺចៀសវាង ការធ្វើដំណើរទៅប្រទេសទាំងនោះ ។

ជារួមមក មានតែប្រទេស ២៩ ប៉ុណ្ណោះ ដែលត្រូវបាន CDC ចុះបញ្ជីជាប្រទេសស្ថិតនៅ “កម្រិតទី ២:មធ្យម” និង “កម្រិតទី ១: ទាប” ដែលជាគោលដៅមានសុវត្ថិភាពបំផុត ក្នុងការធ្វើដំណើរទៅ ។

មិនតែប៉ុណ្ណោះ អ្នកតំណាងរបស់ CDC បាននិយាយថា ” ប្រសិនបើអ្នកចាំបាច់ត្រូវតែធ្វើដំណើរទៅកាន់ប្រទេសថៃ អ្នកត្រូវតែប្រាកដថាអ្នកបានចាក់វ៉ាក់សាំង និងធ្វើបច្ចុប្បន្នភាពជាមួយនឹងវ៉ាក់សាំងកូវីដ ១៩ របស់អ្នក មុនពេលធ្វើដំណើរទៅទីនោះ ។ ហើយបើទោះបីជាអ្នកបានទទួលការវ៉ាក់សាំងបន្ថែមចុងក្រោយក៏ដោយ ប៉ុន្តែអ្នកនៅតែអាច ប្រឈមមុខនឹងហានិភ័យ ក្នុងការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ” ។

គួរឱ្យដឹងផងដែរថា ក្រសួងសុខាភិបាលសាធារណ:ថៃបានរាយការណ៍ អំពីករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១៨ ៩៤៣ នាក់ និងអ្នកស្លាប់ចំនួន ៦៩ នាក់ផ្សេងទៀត នៅថ្ងៃអង្គារនេះ ៕

ប្រភព: Bangkok Post