ជាការពិតសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនបានធ្វើឲ្យមហាជនមានការសប្បាយចិត្តជាមួយនឹងអ្វីដែលកំពុងកើតមានឡើងឡើយ ដ្បិតសូម្បីតែជនជាតិរុស្ស៊ីផ្ទាល់ ក៏បង្ហាញភាពមិនពេញចិត្តជាមួយនឹងទង្វើនេះដូចគ្នា។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះស្ថាបនិកនៃក្រុមហ៊ុនផលិតស្រាស Vodka ឈ្មោះ Yuri Shefler បានបង្ហើបឲ្យដឹងថា លោកបានសម្រេចចិត្តផ្លាស់ប្ដូរឈ្មោះផលិតផលមួយនេះពី Stolichnaya ទៅជា Stoli វិញ ដើម្បីជាការឆ្លើយតបទៅនឹងចលនាបាតុកម្មជាមួយនឹងប្រធានាធិបតី Vladimir Putin។
ប្រាប់ទៅក្នុងបទសម្ភាសន៍ទាក់ទងនឹងការផ្លាស់ប្ដូរឈ្មោះ ស្ថាបនិករូបនេះនិយាយ៖ “នៅពេលដែលខ្ញុំត្រូវបាននិរទេសចេញពីប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០០០ ដោយសារខ្ញុំប្រឆាំងនឹង Putin តែខ្ញុំនៅតែរក្សាយីហោ Stolichnaya ដដែល”។
“ថ្ងៃនេះ ពួកយើងបានសម្រេចចិត្តផ្លាស់ប្ដូរឈ្មោះទាំងស្រុង ដោយសារឈ្មោះកន្លងមកលែងតំណាងឲ្យក្រុមហ៊ុនយើងតទៅទៀតហើយ។ អ្វីដែលកាន់តែពិសេសជាងនេះគឺ ខ្ញុំរំពឹងថា “Stoli” នឹងតំណាងឲ្យសន្តិភាពនៅតំបន់អឺរ៉ុប និងសាមគ្គីភាពនៅប្រទេសអ៊ុយក្រែន”។
“ខ្ញុំធ្លាប់បានទទួលបទពិសោធន៍ដោយផ្ទាល់ពីភាពឃោរឃៅរបស់ Putin ដូច្នេះខ្ញុំយល់ច្បាស់ពីទុក្ខលំបាកដែលប្រជាជនអ៊ុយក្រែនកំពុងជួបប្រទះ”។ នេះបើតាមសម្ដីរបស់ Shefler និយាយ៕
ប្រភព: businessinsider