អ្នកទេសចរជាង ៧ ០០០ នាក់ មកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យបន្តទិដ្ឋាការស្នាក់នៅរបស់ពួកគេ ដោយមិនតម្រូវឱ្យបង់ថ្លៃពាក្យសុំឡើយ ខណ:រដ្ឋាភិបាលថៃកំពុងពិចារណាលើវិធានការផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកដែលប៉ះពាល់ ដោយសារតែការលុបចោលជើងហោះហើរអន្តរជាតិផងដែរ ។
ជាក់ស្តែង មន្ត្រីទេសចរណ៍ថៃ លោក Yuthasak Supasorn បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ ១៩ បានធ្វើការស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ស្វែងយល់ពីផលប៉ះពាល់នៃវិបត្តិរុស្ស៊ី-អ៊ុយក្រែន ហើយស្នើសុំទៅកិច្ចប្រជុំគណ:រដ្ឋមន្រ្តី ដើម្បីស្វែងរកដំណោះស្រាយ ជួយដល់ភ្ញៀវទេសចរ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសថៃ ។
មិនតែប៉ុណ្ណោះ លោក Yuthasak បានបន្តទៀតថា មានភ្ញៀវទេសចរ ប្រហែល ៧ ពាន់នាក់ មកពីប្រទេសទាំងពីរ ដែលកំពុងស្ថិតនៅក្នុងតំបន់ទេសចរណ៍ចំនួន ៤ រួមមាន ភូកេត កោះសាមុយ ប៉ាតាយ៉ា និងក្រាប៊ី ។
យ៉ាងណា ដើម្បីកាត់បន្ថយផលប៉ះពាល់រយ:ពេលខ្លី សម្រាប់ភ្ញៀវទេសចរទាំងនោះ ពួកគេអាចមានសិទ្ធិបន្តទិដ្ឋាការរយ:ពេល ៣០ ថ្ងៃបន្ថែម ដោយពុំចាំបាច់ត្រូវបង់ថ្លៃពាក្យសុំ ដែលមានតម្លៃ ១ ៩០០ បាតនោះឡើយ ទាំងសម្រាប់ជនជាតិអ៊ុយក្រែន និងរុស្ស៊ី ។
លើសពីនេះ សម្រាប់អ្នកទេសចរ ដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន ទោះដោយសារការផ្អាកជើងហោះហើរ ឬភាពចលាចលនយោបាយ និងមិនអាចមានលទ្ធភាពសម្រាប់ការស្នាក់នៅក្នុងប្រទេសថៃក៏ដោយ រដ្ឋាភិបាលគ្រោងនឹងផ្តល់ជម្រកដល់ពួកគេជាពិសេស ៕
ប្រភព: Bangkok Post