ភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមានទ្បើងដោយសារប្រតិបត្តិករ ចំនួន០៣ សំខាន់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថាប្រតិបត្តិករ ចំនួន០៣ សំខាន់នោះរួមមាន
ទី១. តួអង្គ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ ។ សម្តេចតេជោ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។
ទី២. គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។
និងទី៣. គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកនយោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ ។
គួរបញ្ជាក់ថា វិស័យទាំងអស់ដែលត្រូវបិទនាពេលកន្លងមក ដោយសារជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យបើកដំណើរការឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ គឺតម្រូវប្រជាពលរដ្ឋទាំងអស់ម្ចាស់ការដោយប្រុងប្រយ័ត្នអនុវត្តវិធានសុខាភិបាលជាប់និច្ច មិនអាចធ្វេសប្រហែលនឹងជំងឺកូវីដ-១៩ឡើយ ពោលអនុវត្តន៍ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ៕