លោក Yoon Suk-Yeol អតីតរដ្ឋអាជ្ញាកំពូល ឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង

អន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍នេះ លោក Yoon Suk-yeol ដែលជាអតីតរដ្ឋអាជ្ញាកំពូល នៅបក្សអភិរក្សនិយម ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ដោយបានផ្តួលគូប្រជែងពីគណបក្សសេរីនិយម នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលមានភាពប្រកៀកប្រកិតបំផុតមួយ នៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Yoon ដែលមានវ័យ ៦១ ឆ្នាំ គឺជាអ្នកនយោបាយថ្មីថ្មោងម្នាក់ ដែលបានឡើងឋាន: នៅក្នុងការិយាល័យរដ្ឋអាជ្ញាក្នុងស្រុក និងជាតិ ហើយជាពិសេសលោក ធ្លាប់បានជួយកាត់ទោសអតីតប្រធានាធីបតី Park Guen-hye នៅក្នុងក្តីចោទប្រកាន់ពីបទអំពើពុករលួយរបស់អ្នកស្រីទៀតផង ។

គួរឱ្យដឹងផងដែរថា លោក Yoon នឹងចាប់ផ្តើមចូលកាន់តំណែងបន្តជំនួសលោក Moon Jae-in នៅក្នុងខែឧសភា សម្រាប់អាណត្តិមានរយ:ពេលប្រាំឆ្នាំ ជាមួយនឹងការរាប់សន្លឹកឆ្នោតច្រើនជាង ៩៨% ដោយលោក Yoon មានសំឡេងគំាទ្រ ៤៨,៦% នៃសន្លឹកឆ្នោត ខណ:គូប្រជែងទទួលបាន ៤៧,៨% ។

ហើយនេះមានន័យថាលោក Yoon យកឈ្នះមិនបាន ១% ផង ទៅលើគូប្រជែង ខណ:ការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកថាមានភាពប្រណាំងប្រជែងតឹងតែងបំផុត ក្នុងប្រវត្តិសាស្រ្តរបស់កូរ៉េខាងត្បូង ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមរៀបចំការបោះឆ្នោត ប្រធានាធិបតី ដោយសេរី ក្នុងឆ្នាំ ១៩៨៧ មក ។

លើសពីនេះ លោក Yoon បាននិយាយក្រោយជាប់ឆ្នោតថា លោកនឹងគោរពរដ្ឋធម្មនុញ្ញ និងសភា ហើយធ្វើការជាមួយគណបក្សប្រឆាំង នៅពេលលោកប្រកាសចូលកាន់តំណែងជាមេដឹកនាំបន្ទាប់របស់ប្រទេស ខណ:លោកថែមទាំងបានហៅលទ្ធផលបោះឆ្នោតនេះថាជា “ជ័យជម្នះរបស់មនុស្សដ៏អស្ចារ្យ” ទៀតផង ។

បន្ថែមពីនេះ លោក Yoon បានសង្កត់ធ្ងន់ទៀតថា ” ខ្ញុំនឹងយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជន ដោយផ្តល់សេវា​សុខុមាល​ភាពដ៏កក់ក្តៅដល់អ្នកខ្វះខាត និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យកូរ៉េខាងត្បូង ក្លាយជាសមាជិកប្រកបដោយមោទកភាព មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងពិភពលោកសេរី “​ ។

មួយវិញទៀត លោក Yoon បានបេ្តជ្ញាថា លោកនឹងដោះស្រាយជាមួយនឹងបញ្ហា ដែលបង្ករឡើងរបស់ប្រទេសកូរ៉េខាងជើង និងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ត្រីភាគជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងតូក្យូ។ ហើយលោកបន្តទៀតថា លោកនឹងធ្វើឱ្យសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក កាន់តែមានភាពល្អ​ប្រសើរ​ ដែលជាចំណុចស្នូលមួយ នៃគោលនយោបានការបរទេសរបស់លោក ៕

ប្រភព: Aljazeera