គិតត្រឹមដើមឆ្នាំ២០២២នេះ នៅភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗជាង១៦០០អគារ និងមានគម្រោងសង់ថ្មីជាង១០០០គម្រោង ក្នុងទំហំទឹកប្រាក់ជាង២,២៦ ពាន់លានដុល្លាអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន”កាលថ្ងៃទី១០ ខែមីនាម្សិលមិញ។
លោក ឃួង ស្រេង បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន៣១០ កន្លែងនិងអគារខ្ពស់ៗចំនួន១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី២០ជាន់ឡើងទៅ មានចំនួន២២៥អគារ។
លោកថា កាលពីក្នុងឆ្នាំ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២,២៦ ពាន់លានដុល្លាអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។
គួរបញ្ជាកថា ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី។ ប៉ុន្ដែបើតាមសាលារាជធានីភ្នំពេញ អះអាងថា ទំហំទឹកប្រាក់វិនិយោគអចលនទ្រព្យនៅភ្នំពេញ គឺកំពុងបានបង្ហាញពីការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្ម សណ្ឋាគារៈសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ៕
អត្ថបទ៖ ជំទាវឧកញ៉ា រង្សី