មហាសេដ្ឋី​ ២ នាក់​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​ធនាគារ​ធំ​បំផុត​មួយ​នៅ​រុស្ស៊ី ក្រោយ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​តំបន់​អឺរ៉ុប

អន្តរជាតិ

សំពាធ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​តំបន់​អឺរ៉ុប​មក​កាន់​មហាសេដ្ឋី និង​អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​គឺ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង ពោល​គឺ​បង្កង​រាល់​មុខ​ជំនួញ​ដែល​កាន់កាប់​ដោយ​ជនជាតិ​រុស្ស៊ី​ស្ទើរតែ​ទាំងស្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង មហាសេដ្ឋី Mikhail Fridman និង Petr Aven ដែល​ជា​ម្ចាស់ក្រុម​ហ៊ុន​វិនិយោគ LetterOne បាន​ប្រកាស​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​ធនាគារ​ធំ​បំផុត​មួយ​នៅ​រុស្ស៊ី បន្ទាប់​ពី​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​តំបន់​អឺរ៉ុប។

Fridman ដែល​មាន​អាយុ ៥៧ ឆ្នាំ និង​ដៃគូ Aven មានវ័យ ៦៦ ឆ្នាំ​បាន​សម្រេចចិត្ត​ចុះចេញ​ពី​តំណែង​ជា​ប្រធាន Alfa-Bank ដែល​ជា​ក្រុមហ៊ុន​មេ​របស់ ABH Holdings បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ដាក់​គំនាប​សេដ្ឋកិច្ច​ទៅ​លើ​បុគ្គល​ទាំង ២ រូប​នេះ។

ក្រៅពី​លាលែង​ពី​តំណែង​នៅ​ធនាគារ Alfa-Bank បុគ្គល​ទាំង ២ រូប​នេះ​ថែម​ទាំង​បាន​ចុះចេញ​ពី​មុខនាទី​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វិនិយោគ LetterOne ​មាន​ទីតាំង​នៅ​ប្រទេស​លុចហ្សំបួរ​ទៀត​ផង ខណៈ​អ្នកទាំង ២ អះអាង​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​នេះ​គឺ​ មិន​សក្ដិសម​ឡើយ ហើយ​ពួកគេ​នឹង​ព្យាយាម​តវ៉ា​។

យោង​ទៅ​តាម​ការ​អះអាង​ពី Bloomberg Billionaires Index បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់ Fridman គឺ​មាន​ប្រមាណ ៩,៩ ពាន់​លាន​ដុល្លារ ខណៈ​ដៃគូ​អាជីវកម្ម Aven មាន​ប្រមាណ ៥,៥ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​ក្រៅពី​បុគ្គល​ទាំង ២ ខាងលើ ក៏​នៅ​មាន​មហាសេដ្ឋី​រុស្ស៊ី​ផ្សេងទៀត​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា តួយ៉ាង Roman Abramovich កំពុង​ព្យាយាម​លក់​ក្លឹប Chelsea ទាំង​បង្ខំ ​ក្រោយ​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពី​ចក្រភពអង់គ្លេស៕

ប្រភព: bloombergquint