ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-សហភាពអឺរ៉ុប បានកើនដល់ ៤,៥ពាន់លានអឺរ៉ូ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-សហភាពអឺរ៉ុប បានធ្វើការប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាបរិយា​កាស​វិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានលក្ខណៈប្រកួតប្រជែង។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប លើកទី១១ ដែលបានធ្វើឡើងនាថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានប្រកាសប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាសវិនិយោគរបស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោ​យ​ផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។

ទន្ទឹមគ្នានេះដែរ កម្ពុជា-អឺរ៉ុបក៏បានពិភាក្សា អំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ នូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះ នៃការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសព្វាអាវុធ (EBA) កិច្ចសហប្រតិបត្តិការបច្ចេកទេសបញ្ហា នៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្ត ដើម្បីធ្វឱ្យកាន់តែប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

តាមរយៈកិច្ចប្រជុំខាងលើ ក៏បានបង្ហាញថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-សហភាពអឺរ៉ុប បានកើនដល់ ៤,៥ពាន់លានអឺរ៉ូ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ ក្នុងការដក EBA ដោយយកពន្ធលើទំនិញកម្ពុជា ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក លើកផលិតផល ៤០មុខ។

យ៉ាងណា បច្ចុប្បន្នភាគីទំាំងពីរ បាននិងកំពុងបន្តពិភាក្សាឡើងវិញ ក្រោយការដកផ្នែកខ្លះ នៃ EBA ដើម្បី ធ្វើឱ្យកាន់តែប្រសើរនូវការស្តារសេដ្ឋកិច្ចឡើងវិញ៕

អត្ថបទ៖ ជំទាវឧកញ៉ា រង្សី